អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប បានលើកឡើងថា មានបំណុលមួយដែលលោកសងមិនចេះអស់ក្នុងមួយជីវិតនេះ គឺគុណឪពុកម្តាយជាទីស្រលាញ់។

កាលពីព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះរូបភាពជួបជុំគ្រួសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានលោកឪពុក នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងអ្នកម្តាយ, បងប្រុស ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងបងស្រី លោកជំទាវឧត្តមនាវីត្រី ទៀ លក្ខិណា មេបញ្ជារការរងកងទ័ពជើងទឹក និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងទឹក។ បន្ថែមលើរូបភាព អ្នកឧកញ៉ាអគ្គនាយក បានភ្ជាប់ជាមួយសារដ៏មានអត្ថន័យបែបនេះថា៖ “មួយជីវិតនេះ បំណុលដែលកូនសងមិនចេះអស់ គឺគុណពុកម្តាយជាទីស្រលាញ់”។
សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូប នៅក្នុងទឹកដីខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ក៏ជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (PEACE Petroleum Cambodia), សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕




