ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឱកាសការងារចំនួន ៨២,៩៥០ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ក្រសួងការងារ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា ឱកាសការងារទាំង២៥រាជធានី-ខេត្តនោះរួមមាន៖ រាជធានីភ្នំពេញ ២៥, ៤៥៥កន្លែង, ខេត្ដកំពង់ស្ពឺ ១៩,៣៥៧កន្លែង, ខេត្ដកណ្ដាល ៩,៧៥៨កន្លែង, ខេត្ដតាកែវ ៧,៤៨៨កន្លែង, ខេត្ដកំពង់ឆ្នាំង ៤,៦៦៥កន្លែង, ខេត្ដរតនគិរី ៣,១០១កន្លែង, ខេត្ដក្រចេះ ២,៧៣៧កន្លែង, ខេត្ដស្វាយរៀង ២,៦០៤កន្លែង, ខេត្ដព្រះសីហនុ ១,៩៨៧កន្លែង, ខេត្ដកោះកុង ១,២៥១កន្លែង, ខេត្ដកំពង់ចាម ៩២៩កន្លែង។
ដោយឡែកសម្រាប់ខេត្ដបាត់ដំបង មានឱកាសការងារចំនួន ៧០៦កន្លែង, ខេត្ដស្ទឹងត្រែង ៥៧២កន្លែង, ខេត្ដត្បូងឃ្មុំ ៥០៨កន្លែង, ខេត្ដព្រះវិហារ ២៦៥កន្លែង, ខេត្ដសៀមរាប ២៣៨កន្លែង, ខេត្ដបន្ទាយមានជ័យ ២២១កន្លែង, ខេត្ដមណ្ឌលគិរី ១៩០កន្លែង, ខេត្ដប៉ៃលិន ១៨០កន្លែង, ខេត្ដកំពត ១៦៦កន្លែង, ខេត្ដពោធិ៍សាត់ ១៦០កន្លែង, ខេត្ដកំពង់ធំ ១៤២កន្លែង, ខេត្ដឧត្ដរមានជ័យ ១៣៨កន្លែង, ខេត្ដព្រៃវែង ១២៧កន្លែង និងខេត្ដកែប មានចំនួន៥កន្លែង។
សូមជម្រាបជូនថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃប្រមាណជាង២៨ម៉ឺននាក់ ដែលទទួលការងារធ្វើនៅក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា ព័ត៌មានបន្ថែមសម្រាប់ឱកាសការងារ បងប្អូនអាចទាក់ទងទៅលេខ ១២៩៧!




