ឆ្នាំ២០២៦! គម្រោង អេមស៍ ប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណង ១,៥លានដុល្លារ ពង្រឹងខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលសំខាន់ៗមួយចំនួន

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណងចំនួន ១,៥ លានដុល្លារអាមេរិក ក្រោមមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ ច្រកទី១ របស់គម្រោង ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់កសិករខ្នាតតូច លើផលិតកម្មមាន់ខ្មែរ បន្លែសុវត្ថិភាព និងស្រូវប្រណីត នៅទូទាំងខេត្តគោលដៅទាំង១៨ នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការបញ្ចេញហិរញ្ញប្បទានថ្មីបន្ថែម បន្ទាប់ពីគម្រោងទទួលបានលទ្ធផលជាវិជ្ជមានពីការបញ្ចេញហិរញ្ញប្បទានឥតសំណងក្នុងឆ្នាំ២០២៥ ជិត ១លានដុល្លារអាមេរិក ដែលគាំទ្រដល់គ្រួសារកសិករខ្នាតតូចនៅជនបទចំនួន ៦៨៦គ្រួសារ ដើម្បីសាកល្បងបច្ចេកវិទ្យា និងការអនុវត្តនានាក្នុងផលិតកម្មជាលក្ខណៈអាជីវកម្ម សម្រាប់ផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព។

សម្រាប់ហិរញ្ញប្បទានក្នុងឆ្នាំ ២០២៦នេះ នឹងធ្វើការគាំទ្រដល់កសិករខ្នាតតូចចំនួន ១៤០០គ្រួសារបន្ថែមទៀត ឱ្យទទួលយកបច្ចេកវិទ្យា និងការអនុវត្តផលិតកម្មលក្ខណៈអាជីវកម្ម ដែលអនុវត្តបានជោគជ័យកាលពីឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់ខ្សែច្រវាក់តម្លៃស្រូវប្រណីតផងដែរ។

សូមជម្រាបជូនថា អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមសហហិរញ្ញប្បទាន ដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ គម្រោងមានគោលដៅ លើកស្ទួយវិបុលភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការបង្កើនផលចំណេញ ដោយផ្សារភ្ជាប់ផលិតផល កសិពាណិជ្ជកម្ម និងទីផ្សារ៕