ក្រោយថៃបោះបង់ធ្វើពាណិជ្ជកម្មជាមួយកម្ពុជា! កម្ពុជា និងបណ្ដារប្រទេសមួយចំនួនក្នុងតំបន់ចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយថៃបោះបង់ធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា និងបណ្ដារប្រទេសមួយចំនួនក្នុងតំបន់ផ្សេងទៀតចំណេញ ចំណែកឯសហគ្រាសក្នុងស្រុករីកចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ែន សុវិជាតិ បានលើកឡើងថា «នៅពេលដែលប្រទេសជាតិយើងកំពុងឆ្លងកាត់នូវវិបត្ដិដែលជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលថៃរំពឹងថា ក្រោយខ្លួនបិទព្រំដែន, កម្ពុជានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញ និងបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់នៅក្នុងស្រុក។ ប៉ុន្ដែផ្ទុយទៅវិញ នៅពេលព្រឹត្ដិការនេះកើតឡើងតាំងពីខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ចរន្ដពាណិជ្ជកម្មកម្ពុជា ការផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងការរៀនរស់ដោយខ្លួន​​ឯងនៅក្នុងការច្បាមយកឱកាសថ្មី បានក្លាយជាប្រធានបទមួយដែលប្រជាពលរដ្ឋ និងធុរជន អ្នកវិនិយោគរបស់របស់យើងប្រកាន់ខ្ជាប់»។

លោកបានបន្ថែមថា ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បានប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ដល់តម្លៃផលិតផលខ្មែរ, សហគ្រាសតូច និងមធ្យម ប្រកាន់ខ្ជាប់នូវគោលជំហរប្រឹងប្រែងផលិត បង្កើនគុណភាពទំនិញនិងផលិតផល ដើម្បីផ្គត់ផ្គង់ និងបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋរបស់យើង និងលើទីផ្សារ។

ចំពោះរដ្ឋាភិបាល ប្រកាន់គោលជំហរជាក់លាក់ ជំរុញការធ្វើពិពិធកម្មទីផ្សារនៅក្នុងស្រុក តាមរយៈការជំរុញ បង្កើន លើកទឹកចិត្ដផលិតផលខ្មែរ លើកទឹកចិត្ដដល់បងប្អូនដែលជាអ្នកផលិត។ ហើយទន្ទឹមនឹងនេះ ការពារសុវត្ថិភាព សុខុមាលភាពម្ហូបអាហារ តាមរយៈការពង្រឹងគុណភាព និងការពិនិត្យនូវស្រោមសំបកវេចខ្ចប់។ល។

លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី៦០ទៅ៧០% គឺជាទំនិញកម្ពុជា និងមួយចំនួនទៀត នាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស​ក្នុងតំបន់ផ្សេងទៀត។

លោក ប៉ែន សុវិជាតិ បានសង្កត់ធ្ងន់ថា សម្រាប់ ប្រេង និងឧស្ម័ន ត្រូវបាននាំ​មកពីវៀតណាម និងសិង្ហបុរីបន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម​ ខណៈស្ថានទូតម៉ាឡេស៊ីបានជូនដំណឹងថា ការនាំចូលរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើងពី៣-៤ដង បើធៀបនឹងកាលពីមុន៕