កូនប្រុសអ្នកមានដាច់គេរបស់វៀតណាម Pham Nhat Vuong ក្លាយជានាយកក្រុមហ៊ុន VinFast

អន្តរជាតិ

លោក Pham Nhat Quan Anh ដែលជាកូនប្រុសច្បងរបស់មហាសេដ្ឋីមានដាច់គេរបស់វៀតណាម លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ត្រូវបានតែងតាំងជានាយកថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Quan Anh បច្ចុប្បន្នវ័យ ៣២ឆ្នាំ ដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី នឹងចូលកាន់តំណែងជានាយកក្រុមហ៊ុន VinFast ចាប់ពីថ្ងៃព្រសហស្បតិ៍តទៅ។

គួរឲ្យដឹងផងដែរថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ លោក Quan Anh បានបម្រើការជាអគ្គនាយកក្រុមហ៊ុន Vinpearl ដែលជាសាខាបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុនមេ Vingroup។

ចាប់ពីឆ្នាំ២០១៩ លោកបានចូលរួមជាមួយក្រុមហ៊ុន VinFast ហើយចាប់តាំងពីពេលនោះមក លោកបានកាន់តំណែងជាច្រើន រួមទាំងនាយកផ្នែក នាយកប្រតិបត្តិរង និងអនុប្រធាន។

ជម្រាបជូនថា លោក Quan Anh បច្ចុប្បន្នកាន់កាប់ភាគហ៊ុនចំនួន ១៥ម៉ឺន ហ៊ុនរបស់ក្រុមហ៊ុន Vingroup។ លោកក៏ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើននៅក្នុងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Vingroup ដូចជា VinEnergo, VinRobotics និង VinSpace ផងដែរ៕