កម្ពុជា និងប៉ូឡូញ បានវាយតម្លៃខ្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរអស់រយៈពេលជិត៧ទសវត្សរ៍ ដែលបាននិងកំពុងរីកចម្រើនក្នុងវិស័យនានា ជាពិសេសប្រទេសទាំងពីរ បានសហការបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យបន្ថែមទៀត។

នាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប៉ូឡូញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Władysław T. Bartoszewsk រដ្ឋលេខាធិការនៃក្រសួងការបរទេសប៉ូឡូញ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរអស់រយៈពេលជិត៧ទសវត្សរ៍ ដែលបាននិងកំពុងរីកចម្រើនក្នុងវិស័យនានា ដូចបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកន្លងមក ការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញនៅរាជធានីភ្នំពេញ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។

ជាមួយគ្នានោះ រដ្ឋលេខាធិការទាំងពីរបានសង្កត់ធ្ងន់បន្ថែមអំពីតួនាទីដ៏មានសារៈសំខាន់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ សម្រាប់ជាយន្តការពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា និងប៉ូឡូញូ។
សហប្រធានទាំងពីរក៏បានពិនិត្យឡើងវិញដោយសេចក្តីសោមនស្សរីករាយលើកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ និងបានកំណត់នូវកាលានុវត្តភាពបន្ថែមទៀត ក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា ពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល ទេសចរណ៍ អប់រំ កសិកម្ម និងកសិឧស្សហកម្ម វប្បធម៌ ឌីជីថលនីយកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពនូវច្បាប់អន្តរជាតិ។ លើសពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់តំណែងនានានៅក្នុងអង្គការអន្តរជាតិ៕




