មន្ទីរពេទ្យ Hat Yai ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ បានស្នើសុំឧទ្ធម្ភាចក្រមួយគ្រឿង ដើម្បីជម្លៀសអ្នកជំងឺចំនួន ៩០ នាក់ចេញ ខណៈពេលដែលកំពុងអស់អុកស៊ីសែន ដោយសារតែគ្រោះទឹកជំនន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានកោះប្រជុំបន្ទាន់មួយតាមអ៊ីនធើណិត នៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីវាយតម្លៃពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងៗ នៃគ្រោះទឹកជំនន់ ព្យុះ និងការរអិលបាក់ដី នៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសនេះ ដោយសារតែមន្ទីរពេទ្យ Hat Yai ក្នុងខេត្តសុងក្លា ត្រូវបានព្រមានថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈពេលដែលអុកស៊ីសែនបម្រុងសម្រាប់អ្នកជំងឺ កាន់តែជិតអស់ហើយ។
គួរឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងស្រុក Hat Yai ត្រូវបានចាត់ទុកថាជាស្ថានភាពគួរឱ្យព្រួយបារម្ភបំផុត នៅក្នុងខេត្តសុងក្លា។ ហើយក្នុងនោះ មន្ទីរពេទ្យ Hat Yai នៅថ្ងៃទី២៤ ខែវិច្ឆិកា បានប្រកាសជាបន្ទាន់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ទឹកជំនន់បានហូរចូលបរិវេណពេទ្យ នឹងបានណែនាំឲ្យមនុស្សប្តូរទៅពិនិត្យកន្លែងផ្សេង ដើម្បីកាត់បន្ថយបន្ទុក និងធានាសុវត្ថិភាព។
ទន្ទឹមនឹងនេះ អភិបាលខេត្តសុងក្លា លោក Ratthasart Chidchoo បានប្រកាសពីគ្រោះមហន្តរាយនៅក្នុងស្រុកទាំង ១៦ ខណៈពេលដែលទឹកជំនន់ ក៏បានបង្កការបំផ្លិចបំផ្លាញនៅក្នុងខេត្តNarathiwat ដោយមានស្រុកចំនួនប្រាំបួន និងមនុស្សជិត ១៥៤ ០០០ នាក់រងផលប៉ះពាល់ ផងដែរ៕

