DOGE ចេញមុខច្រានចោលព័ត៌មានដែលថា អង្គភាពខ្លួនត្រូវបានលុបចោលពីរដ្ឋាភិបាល

អន្តរជាតិ

ក្រុមប្រឹក្សាភិបាលនៃអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) ថ្មីៗនេះ បានចេញមុខបដិសេធទាំងស្រុងជុំវិញព័ត៌មានដែលថាទីភ្នាក់ងាររបស់ខ្លួន គឺលែងមាននៅក្នុងរដ្ឋាភិបាលទៀតហើយ ដោយទទូចថាខ្លួន នៅតែស្ថិតនៅក្នុងបេសកកម្មកាត់បន្ថយការខ្ជះខ្ជាយរបស់សហព័ន្ធដដែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានសរសេរបង្ហោះនៅលើបណ្តាញសង្គម នៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាល DOGE បាននិយាយថា កាលពីសប្តាហ៍មុន ទីភ្នាក់ងាររបស់ខ្លួន នៅតែបានជួយបញ្ចប់កិច្ចសន្យាខ្ជះខ្ជាយចំនួន ៧៨ និងសន្សំបានថវិកាចំនួន ៣៣៥លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់ DOGE បែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់លោក Scott Kupor នាយកការិយាល័យគ្រប់គ្រងបុគ្គលិករដ្ឋាភិបាលអាមេរិក (OPM) ដែលបានបញ្ជាក់ថា DOGE លែងមានទៀតហើយ។

លោក Kupor បានបន្ថែមទៀតថា DOGE លែងជា “អង្គភាពកណ្តាល” ទៀតហើយ ទោះបីជាទីភ្នាក់ងារនេះនៅសល់ពេល ៨ខែទៀតដើម្បីបំពេញបេសកកម្មរបស់ខ្លួនក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ DOGE បានហៅរឿងនេះថា ជាព័ត៌មានក្លែងក្លាយ ដោយបន្ថែមថាទីភ្នាក់ងារខ្លួន នឹងត្រឡប់មកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខជាមួយនឹងការអាប់ដេតការងារជាប្រចាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា។

ជម្រាបជូនថា DOGE ត្រូវបានបង្កើតឡើងនៅក្នុងខែមករា បន្ទាប់ពីលោក ត្រាំ ឡើងកាន់តំណែង ដោយមានគោលបំណងធ្វើឱ្យរដ្ឋាភិបាលមានភាពប្រសើរឡើង និងកាត់បន្ថយថវិកាសហព័ន្ធ។ DOGE ដំបូងឡើយត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ដែលក៏កាន់តំណែងជាបុគ្គលិករដ្ឋាភិបាលពិសេស ផងដែរ៕​