ជារៀងរាល់ឆ្នាំមានកុមារកម្ពុជារាប់សិបម៉ឺននាក់ដែលត្រូវការការព្យាបាល និងសេវាសង្គ្រោះបន្ទាន់, ក្នុងនោះមន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យដ៏ធំមួយក្នុងចំណោមមន្ទីរពេទ្យដទៃទៀតដែលកំពុងបំពេញបេសកកម្មក្នុងការសង្គ្រោះជីវិតកុមារ និងទារកកម្ពុជារាប់លានករណីដោយឥតគិតថ្លៃ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យត្រូវការថវិកាចំណាយសរុប ប្រមាណជា ៦លាន ដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវពឹងផ្អែកទាំងស្រុងពីជំនួយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តសកម្មភាពព្យាបាលជំងឺផ្សេងៗរបស់កុមារដែលមកទទួលសេវាទូទាំងប្រទេសកម្ពុជា។

កម្មវិធី«តស់!ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» ផ្ដួចផ្ដើមឡើងដោយលោក អ៊ីវ គឹមសួរ ជាគ្រូបង្វឹកអាជីវកម្មនិងជាសមាជិក នៃ BNI Master និងរួមសហការជាមួយដៃគូដែលជាបណ្តាស្ថាប័នឯកជននានា និងទទួលបានការគាំទ្រពីស្ថាប័នរដ្ឋមានមន្ទីរទេសចរណ៏ និងសាលាខេត្តកំពត។
នៅក្នុងសន្និសីទសារពត៌មានស្តីពីគម្រោង “ការឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាខួប៥ឆ្នាំ” កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោងបានលើកឡើងថា កម្មវិធីនេះ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណដើម្បីសុខភាព ការជំរុញកំណើនទេសចរណ៍ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅពេលចុងឆ្នាំ ហើយក៏ជាឱកាសនៅក្នុងការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។
សូមបញ្ជាក់ថា គម្រោងមនុស្សធម៌នេះនឹងប្រារព្ធរយៈពេល ២យប់ ៣ថ្ងៃចាប់ផ្តើមពីថ្ងៃ១៩ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ ដោយអ្នកចូលរួមត្រូវដើររួមគ្នាចម្ងាយ ៣១ គីឡូម៉ែត្រ ចេញពីទីតាំងជើងភ្នំបូកគោឡើងតាមផ្លូវថ្នល់ និងបញ្ចប់នៅទីតាំងរង្វង់មូលផ្លូវបំបែកនៅលើកំពូលភ្នំ។ កម្មវិធីធ្វើឡើងក្នុងគោលបំណង ៣ ធំៗ៖ (១) ប្រមូលមូលនិធិដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ អោយបានយ៉ាងតិចណាស់ ១ ម៉ឺនដុល្លារអាមេរិក, (២) ជំរុញគោលដៅទេសចរណ៍ «ឋានសួគ៌បូកគោ,» និង(៣) បង្កទំនាក់ទំនងសង្គមអាជីវកម្ម និងស្មារតីសប្បុរសធម៌មនុស្សធម៌របស់សង្គមជាតិកម្ពុជា។
សូមជម្រាបជូនថា គម្រោងនេះបានរៀបចំឡើងជាបន្តបន្ទាប់រយៈពេល ៥ឆ្នាំមកហើយ ក្នុងគោលបំណងកៀរគរថវិកា និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសុខភាពកុមារកម្ពុជា ក្រោមការគាំទ្រយ៉ាងសកម្មពី មន្ទីរពេទ្យកុមារអង្គរ និង មូលនិធិម៉ានី៕







