កម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រទេសទាំងពីរ នាពេលបច្ចុប្បន្នមិនត្រឹមតែទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និងគណបក្សផងដែរ។ ប្រទេសទាំងពីរ ក៏រំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ពាន់លានដុល្លារ នាពេលខាងមុខថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។


នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងក្របខ័ណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។ ជាមួយគ្នានេះ សម្ដេចតេជោក៏ឆ្លៀតឱកាសសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាមដែលបានបង្កឱ្យមានការខូចខាតមួយចំនួនផងដែរ។
ជាមួយគ្នានេះ លោក Bui Thanh Son បានអរគុណចំពោះមនោសញ្ចេតនារបស់សម្ដេចដែលបានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិនៅវៀតណាម ខណៈលោកក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និងគណបក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ។

លោក ក៏បានរំលេចទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើពាណិជ្ជកម្ម ដែលត្រឹមតែរយៈពេល៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ។
តាមរយៈជំនួបខាងលើ សម្ដេចតេជោ ក៏បានបង្ហាញការពេញចិត្តចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅដែលប្រទេសទាំងពីរដែលចង់សម្រេចឱ្យបាន ២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។បន្ថែមពីនេះ សម្តេចតេជោក៏បានលើកឡើងពីគម្រោងដែលភាគីទាំងពីរនឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នានៅដើមខែធ្នូខាងមុខនេះ ដែលនេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗមានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរថែមទៀត៕អត្ថបទ៖ហ្សាលីន


