ក្រសួងការពារជាតិ ប្រកាសបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ថៃ ជុំវិញករណីជនជាតិចិនដើរជាន់មីន នៅតំបន់ព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ជុំវិញករណីជនជាតិចិនដើរជាន់មីន នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។

ក្នុងរឿងនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិ គូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។  លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។

ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។

ក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីអំពីការបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕