អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហាញមោទនភាពដែលបានចូលរួមគាំទ្រការប្រគំតន្ត្រី “Rise for Khmer” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញមោទនភាព និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមសិល្បករខ្មែរ ផលិតកម្មដៃគូសហការកម្មវិធី សិល្បករខ្មែរ និងអ្នកឧបត្ថម្ភទាំងអស់ ដែលបានរួមគ្នាដើម្បីយកសិល្បៈ វប្បធម៌ និងតន្ត្រីខ្មែរ ឡើងកាន់ឆាកអន្តរជាតិ។ កម្មវិធីនេះក៏មានន័យបង្ហាញពីអំពើមនុស្សធម៌យ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជាផងដែរ។
អ្នកឧកញ៉ា បានបន្ដថា សម្រាប់ក្រុមហ៊ុនយើង ការគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់យើង។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធ្វើការយ៉ាងសស្រាក់សស្រំាដើម្បីលើកស្ទួយប្រទេសកម្ពុជា ក្នុងនោះមានដូចជា ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ការពង្រឹងវត្តមានវប្បធម៌របស់យើងនៅក្រៅប្រទេស។ ខ្ញុំជឿថា នៅពេលដែលសិល្បៈខ្មែរត្រូវបានបង្ហាញនៅលើឆាកអន្តរជាតិ សកម្មភាពបែបនេះឆ្លុះបញ្ចាំងពីបេសកកម្មដូចគ្នាទៅនឹងចក្ខុវិស័យក្រុមហ៊ុនរបស់យើងដែរ គឺ ឯកភាព សន្តិភាព និងមោទនភាពជាតិ។
ជាមួយគ្នានោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញការជឿជាក់ផងដែរថា វប្បធម៌គឺជាសសរស្តម្ភមួយនៃការកសាងជាតិឲ្យរឹងមាំ ហើយនៅពេលយើងធ្វើការរួមគ្នា ប្រជាជនកម្ពុជាអាចធ្វើឲ្យប្រជាជននៅលើពិភពលោកស្ញប់ស្ញែង។ សមិទ្ធផល ឬជោគជ័យដ៏អស្ចារ្យជាងគេបំផុតនោះ គឺកើតចេញពីការធ្វើការរួមគ្នារបស់យើងក្នុងនាមជាប្រជាជាតិមួយ។
អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចូលរួមចំណែកធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ប្រសើរទ្បើងជារៀងរាល់ថ្ងៃ ហើយយើងក៏បន្តមានមោទនភាពក្នុងនាមជាក្រុមហ៊ុនខ្មែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិនត្រឹមតែវិនិយោគលើធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តគាំទ្រ និងលើកស្ទួយប្រជាពលរដ្ឋយើង វប្បធម៌ អ្នកមានទេពកោសល្យ និងការងារអភិវឌ្ឍរបស់យើងទៅថ្ងៃអនាគត ទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ក្នុងគ្រាដែលប្រជាជនរបស់យើងប្រឈមមុខនឹងការលំបាក យើងជឿថាយើងមានកាតព្វកិច្ចក្នុងការបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជានៅតែរឹងមាំ មានមេត្តាធម៌ និងមិនអាចបំបែកបាន។
ទោះក្នុងពេលវេលាលំបាកបែបណាក៏ដោយ ស្មារតីខ្មែរនៅតែឋិតថេររឹងមាំ។ នៅពេលយើងឆ្លងផុតគ្រាលំបាក យើងនឹងកសាងអ្វីៗទាំងអស់ទ្បើងវិញ មិនមែនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ភាពជោគជ័យមិនត្រូវបានវាស់វែងដោយសមិទ្ធផលផ្ទាល់ខ្លួនតែមួយមុខនោះទេ។ ភាពជោគជ័យពិតប្រាកដត្រូវបានវាស់វែងដោយចំនួនមនុស្សជាច្រើនដែលយើងគាំទ្រ ឬលើកតម្កើង។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានគូសបញ្ជាក់ថា វឌ្ឍនភាពរបស់យើងរហូតមកដល់ពេលនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ទង់ជាតិកម្ពុជាកំពុងបក់រវិចៗយ៉ាងខ្ពស់ត្រដែត ហើយយើងជាជនជាតិខ្មែរ មានមោទនភាពដែលស្ថិតនៅជាផ្នែកមួយនៃវិវឌ្ឍនៈនេះ៕










