ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ មានឱកាសការងារចំនួន ២៥,២១៧កន្លែង នៅរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ មកដាក់ពាក្យធ្វើការ។

បើតាមក្រសួងការងារ បញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនចំនួន ៤៩០ នៅរាជធានីភ្នំពេញ បានផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ លើផ្នែកជាច្រើនដូចជា៖ ផ្នែកកាត់ដេរ, ផ្នែកវេចខ្ចប់, បុគ្គលិកផ្នែកដឹកជញ្ជូន, អ្នកបញ្ជារម៉ាស៊ីនដេរ, កម្មករទូទៅ, ជាងថែទាំរថយន្ដ, កម្មករនៅក្នុងផលិតកម្ម, យន្ដការីតម្លើងអគ្គិសនី, មន្រ្ដីឥណទាន និងប្រាក់កម្ចី, អ្នកត្រួតពិនិត្យគុណភាព, អ្នកការពារសន្ដិសុខ, កម្មករបំបែកសាច់មាន់, ផ្នែកស្វាគមន៍ភ្ញៀវចូលតុ និងមានផ្នែកផ្សេងៗជាច្រើនទៀត។
ក្រសួងការងារ ក៏បានបញ្ជាក់ផងដែរថា នៅសប្ដាហ៍ក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី១ ខែធ្នូ នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ បានផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋសរុប ជាង៨ម៉ឺនកន្លែង។
សូមជម្រាបជូនផងដែរថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានបងប្អូនពលករដែលទើបតែវិលត្រឡប់ពីប្រទេសថៃ ជិត២៩ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងប្រទេស។
សម្រាប់ព័ត៌មានលម្អិតជុំវិញការងារនៅទូទាំងរាជធានី-ខេត្ត ទាំង២៥ បងប្អូនអាចទំនាក់ទំនងទៅលេខ ១២៩៧៕














