ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសនឹងផ្តល់ឥណទានចំនួន ២០០លានដុល្លារអាម៉េរិក ក្រោមកិច្ចសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ការប្រកាសខាងលើនេះ បានធ្វើឡើងក្នុងអំឡុងពេលកិច្ចជំនួបរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយគណៈគ្រប់គ្រងធនាគារ វីង ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ការពង្រីកបរិយាបន្នឌីជីថល និងនវានុវត្តន៍ធុរកិច្ច កាលរសៀលថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារវីង ថៅវើ។
តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា ក៏ដូចជា ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល ធនាគារ វីង បានរួមចំណែកដ៏សំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម, កសិកម្ម និងគំនិតផ្តួចផ្តើមនានា ក្នុងន័យជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអភិវឌ្ឍប្រទេសឱ្យបានកាន់តែរីកចម្រើន។ ក្នុងនាមជាធនាគារឌីជីថលមួយ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
សូមជម្រាបថា ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានការជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារអាម៉េរិក។ បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី៥ លើទ្រព្យសកម្មសរុប និងទី៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា៕






