ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននឹងប្រមូលត្រលប់មកវិញនូវរថយន្តប្រភេទ Plug-in Hybrid ចំនួន ៨៨ ៩៨១ គ្រឿង ដោយសារតែគ្រោះថ្នាក់ទាក់ទងទៅនឹងប្រព័ន្ធសុវត្តិភាពថ្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សេចក្តីជូនដំណឹងនេះ បាននិយាយទៀតថា ការប្រមូលមកវិញសារនេះ ប៉ះពាល់ទៅលើម៉ូដែល Qin PLUS DM-i ដែលផលិតនៅចន្លោះខែមករា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២៣។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន BYD ដែលកំពុងប្រឈមមុខទៅនឹងការលក់ និងប្រាក់ចំណេញធ្លាក់ចុះស្រាប់នោះ បានប្រមូលរថយន្តជាង ២១០ ០០០ គ្រឿងត្រលប់មកវិញ នៅឆ្នាំនេះ រួមទាំងរថយន្ត SUV ប្រភេទ Plug-in Hybrid ជិត ៧ ០០០ គ្រឿងរបស់ខ្លួន ផងដែរ។
កាលពីពាក់កណ្តាលខែតុលាកន្លងទៅ ក្រុមហ៊ុន BYD បានប្រកាសពីការប្រមូលរថយន្តម៉ូដែលTang និង Yuan Pro ច្រើនជាង ១១៥ ០០០ គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២២ ដោយសារតែបញ្ហាការរចនា និងហានិភ័យសុវត្ថិភាពទាក់ទងនឹងថ្ម។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD បានប្រកាសពីការធ្លាក់ចុះនៃការលក់របស់ខ្លួនដល់ ១២% នៅក្នុងខែតុលា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ៣៣% នៃប្រាក់ចំណេញ នៅក្នុងត្រីមាសទីបី៕

