យោងតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ បាននិយាយនៅថ្ងៃទី១ ខែធ្នូនេះថា តៃវ៉ាន់ កំពុងមានគោលបំណងកាត់បន្ថយពន្ធលើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៥% ពីកម្រិត ២០% ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយត្រូវបានចាត់ទុកថាមជ្ឈមណ្ឌលផលិតបន្ទះឈីបធំជាងគេ តៃវ៉ាន់ បាននិយាយម្តងហើយម្តងទៀតថា ការផ្តល់ជូនសំណើលក្ខខណ្ឌរបស់ខ្លួនចំពោះអាមេរិកក្នុងការចរចាគឺជាផ្តល់ជូនគំរូតៃវ៉ាន់ សម្រាប់ការអភិវឌ្ឍបន្ថែមទៅលើបច្ចេកវិទ្យាបន្ទះឈីប។
ទន្ទឹមនឹងនេះ ដោយបានឆ្លើយតបទៅនឹងសំណួរនៅក្នុងសភា អ្នកចរចាពាណិជ្ជកម្មកំពូលរបស់តៃវ៉ាន់ គឺលោកស្រី Jenni Yang បាននិយាយថា គោលបំណងធំរបស់កោះតៃវ៉ាន់ គឺដើម្បីកាត់បន្ថយអត្រាពន្ធជាមួយអាមេរិក មកនៅត្រឹម ១៥%។
រំលឹកផងដែរថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងចរចាកិច្ចព្រមព្រៀងមួយ ជុំវិញការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ចំពោះការវិនិយោគថ្មី និងការបណ្តុះបណ្តាលកម្មករអាមេរិកក្នុងវិស័យផលិតបន្ទះឈីប និងឧស្សាហកម្មជឿនលឿនផ្សេងទៀត។
ជម្រាបជូនថា TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក កំពុងប្រកាសវិនិយោគ ១៦៥ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រនៅរដ្ឋ Arizona ដែលជាផ្នែកមួយត្រូវបានគេជឿជាក់ថានឹងជំរុញឲ្យអាមេរិក កាន់តែបើកផ្លូវទូលំទូលាយសម្រាប់ការចរចាពន្ធគយបន្ថែមទៀត៕

