នាព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹង ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន ព្រមទាំងវត្តមាន លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយកស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។

សន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី បានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, អភិបាល អភិបាលរងរាជធានីខេត្ត, តំណាងគ្រឹះស្ថាន សមាគម និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីបន្តស្មារតីនៃសមិទ្ធផលរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ដែលជាមរតកនៃរដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ “ បិតាឯករាជ្យជាតិ” រហូតមកដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “បិតាសន្តិភាព” ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើបនៃការរីកចម្រើនទៅមុខក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឈរលើគោលការណ៍ស្នូលនៃការដឹកនាំ តាមរយៈការបន្តនិរន្តរភាពការងារនិងដំណើរការស្ថាប័ន ការរក្សា ស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ ការរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងការកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងចូលរួមចំណែកយ៉ាងស្វាហាប់ក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងអាទិភាពគន្លឹះទាំង ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២៥ នេះ ក្រសួងរៀបចំដែនដី បានបន្តដាក់ចេញនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិការងារសំខាន់ៗចំនួន ៨ ដោយផ្តោតសំខាន់ទៅលើការ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដើម្បីរក្សា សន្តិសុខនយោបាយ សន្តិសុខនិងសុវត្ថិភាពសេដ្ឋកិច្ច ខឿនការពារជាតិ និងការផ្តល់ទំនុកចិត្តនិងការជឿជាក់លើកម្ពុជា៕










