ក្រុមហ៊ុន Intel គ្រោងបោះលុយវិនិយោគជាង ២០០លានដុល្លារបន្ថែម នៅក្នុងប្រទេសម៉ាឡេស៊ី

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Intel ថ្មីៗនេះ បានបង្ហាញពីគម្រោងក្នុងការបោះទុនវិនិយោគទឹកប្រាក់ជាង ២០០លានដុល្លារ បន្ថែម នៅក្នុងប្រទេសម៉ាឡេស៊ី​ ដើម្បីធ្វើឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការ ផ្គុំ និងសាកល្បងបន្ទះឈីប ដ៏ធំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Intel បានសន្យាវិនិយោគចុងក្រោយបង្អស់ដែលមានតម្លៃរហូតដល់ ៨៦០លានរីងហ្គីត ឬស្មើទៅនឹង ២០៨លានដុល្លារ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាកយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu Tan។

ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Anwar បាននិយាយថា ការវិនិយោគចុងក្រោយនេះ​ គឺត្រូវបានធ្វើឡើង បន្ទាប់ពីរោងចក្រវេចខ្ចប់ទំនើបរបស់ក្រុមហ៊ុន Intel នៅក្នុងរដ្ឋ Penang ដែលពាក់ព័ន្ធទៅនឹងការចំណាយដើមនទុនសរុបប្រមាណ ១២ពាន់លានរីងហ្គីត បានបញ្ចប់ការសាងសង់ ៩៩% ហើយ។ ក្រុមហ៊ុនអាមេរិក បានប្តេជ្ញាវិនិយោគរហូតដល់ទៅ ៧ពាន់លានដុល្លារ នៅក្នុងទីតាំងនេះ នៅឆ្នាំ២០២១។

មិនតែប៉ុណ្ណោះ ការវិនិយោគចុងក្រោយបង្អស់នេះ គឺជាការជំរុញដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាអ្នកដើរតួយ៉ាងសំខាន់រួចទៅហើយនៅក្នុងឧស្សាហកម្មបន្ទះឈីប ហើយកំពុងស្វែងរកការពង្រឹងតួនាទីរបស់ខ្លួន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប និងផ្លាស់ប្តូរទៅជាឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។

ជម្រាបជូនថា បើយោងតាមអ្នកវិភាគ ម៉ាឡេស៊ី គឺជាប្រទេសនាំចេញបន្ទះឈីបធំជាងគេទីប្រាំមួយរបស់ពិភពលោក ដែលមានចំនួន ១៣% នៃទីផ្សារផ្គុំ ការធ្វើតេស្ត និងវេចខ្ចប់ទូទាំងពិភពលោក៕​