លោក Pham Nhat Vuong អ្នកមានបំផុតរបស់វៀតណាម បានបន្ថែមចំនួនទ្រព្យសម្បត្តិប្រមាណ ៧៦០លានដុល្លារ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup កើនឡើងដល់កម្រិតខ្ពស់បំផុតមួយមិនធ្លាប់មាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ជាង ១០ដុល្លារ ក្នុងមួយហ៊ុន ពោលគឺកើនឡើង ៣,៦% បើធៀបទៅនឹងថ្ងៃសុក្រ និងកើនឡើង ៥៦៥% គិតចាប់តាំងពីដើមឆ្នាំនេះមក។
ទន្ទឹមនឹងនេះ បើយោងតាមទិន្នន័យទទួលបានពី Forbes បានបង្ហាញឲ្យដឹងថា លោក Vuoung ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Vingroup ត្រូវបានគេដាក់ចំណាត់ថ្នាក់ក្នុងចំណោមមហាសេដ្ឋីកើបលុយច្រើនបំផុត ក្នុងពេលត្រឹមមួយថ្ងៃ ខណៈទ្រព្យសរុបរបស់លោកកើនឡើងដល់ ២៤,៣ពាន់លានដុល្លារ ជាប់ជាអ្នកមានបំផុតទី៩៤ នៅលើពិភពលោក។
ជម្រាបជូនផងដែរថា លោក Pham Nhat Vuong ត្រូវបានទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិក ទទួលស្គាល់ក្នុងឆ្នាំ២០១៣ ថាជាមហាសេដ្ឋីដំបូងគេបំផុតរបស់ប្រទេសវៀតណាម នៅពេលដែលលោកមានទ្រព្យសម្បត្តិប្រហែល ១,៥ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី៩៧៤ ទូទាំងពិភពលោក៕

