ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រកាសដាក់ចេញទិសដៅការងារបន្ត ១៤ចំណុច ដែលក្រសួងរៀបចំដែនដី ត្រូវយកចិត្តទុកដាក់

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ប្រកាស​ដាក់ចេញ​នូវទិសដៅការងារបន្តចំនួន ១៤ចំណុច ដែលក្រសួងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ​នៅ​ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាទីស្តីការក្រសួង នាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ណែនាំពីទិសដៅ​ការងារបន្តដែលក្រសួងត្រូវបន្ត​យកចិត្ត​ទុកដាក់ រួមមានដូចខាងក្រោម៖

១. ធានាដំណើរការស្ថាប័ន ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាប្រព័ន្ធ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។

២. គិតគូរ និងផ្តល់ឱកាសដល់មន្ត្រី បង្កលក្ខណៈងាយស្រួលឱ្យគាត់អាចបំពេញការងារបាន លើកតម្កើងអ្នកដែល​ខំប្រឹងប្រែងធ្វើការ។

៣. ការងារសុរិយោដី៖ ជំរុញច្បាប់គ្រប់គ្រង​ការវាស់វែង​និងការផលិត​ផែនទី ព្រោះក្រសួងនឹងក្លាយជាអង្គភាព​ដែលត្រូវ​រៀបចំផែនទីផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៤. តំបន់បឹងទន្លេសាប៖ ជំរុញការធ្វើវារីវប្បកម្ម និងគិតគូរអ្វីដែលត្រូវធ្វើទៅមុខទៀត ក្រៅពីស្រូវនិងដំណាំ​ដទៃ​ទៀត។

៥. តំបន់បេតិកភណ្ឌពិភពលោកអង្គរ៖ ជាប្រភពចំណូលកម្ពុជា ដូច្នេះត្រូវរក្សាមរតកដូនតាផង និងធានាថា​ប្រជាជន​​នៅ​អង្គរទទួលបានប្រយោជន៍ពីអង្គរ និងហៅខ្លួនឯងថាអ្នកស្រុកអង្គរ ហើយចូលរួមថែរក្សាការពារអង្គរ។

៦. ការងាររៀបចំដែនដី៖ ជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការនៃការប្រើប្រាស់ដី នៅទូទាំងប្រទេស ដែលជាមុខងារចម្បងក្នុងការរៀបចំដែន​ដី ហើយផ្អែកលើមូលដ្ឋាននេះ អភិបាលរាជធានី-ខេត្ត នឹងអាចឯករាជ្យ​ម្ចាស់ការដឹកនាំរៀបចំ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានី-ខេត្តរបស់ខ្លួន ដោយក្រសួងនឹងគាំទ្រ​ផ្នែកបច្ចេក​ទេស​បន្ថែម។

៧. ការរៀបចំក្រុង និងទីប្រជុំជន៖ ផ្តោតលើការរៀបចំភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ភូមិ ឃុំ សង្កាត់មាន​សុវត្ថិភាពឱ្យទីក្រុងជាទីក្រុងស្រួលរស់នៅ។

៨. ការងារលំនៅឋាន៖ មិនមែនផ្តោតតែលើផ្ទះ និងស្ថាបត្យកម្មប៉ុណ្ណោះទេ តែជាកន្លែងបណ្តុះនូវទំនាក់ទំនង ឥរិយាបថល្អប្រពៃ​ ប្រពៃណី ទំនៀមទម្លាប់ល្អ​ សិល្បៈ និងវិទ្យាសាស្ត្រ ក្នុងសង្គមជាតិ។

៩. គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ប្រែក្លាយពីគម្រោង​សម្បទានដីសង្គមកិច្ច ទៅជា​គោលនយោបាយសម្បទាន​ដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច ដោយជំរុញការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​និងផ្តល់​សេវា​ចាំបាច់ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន។

១០. ការងារសំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ដែលសំណង់មិនមែនគ្រាន់តែ​ផ្តោតលើ​សំណង់​អគារ តែជាវិស័យដើម្បីធានានូវការផ្តល់ការងារធ្វើ ចំណូល និងកំណើន​និងដំណើរការសេដ្ឋកិច្ច​រួមរបស់​កម្ពុជា។

១១. បន្តការអប់រំ​ផ្សព្វផ្សាយអំពីសកម្មភាព និងការងារក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បី​ជំរុញ​ការចូលរួម។

១២. ការងារមូលដ្ឋាន៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) គួរផ្តោតលើ​សហគមន៍ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា។

១៣. ការងារជាមួយវិស័យឯកជន៖ ត្រូវងាក​មកគិតគូរបន្ថែមលើឧស្សាហកម្មប្រាក់កម្ចី ក្នុងអត្រាការប្រាក់ប្រកួត​ប្រជែង ដើម្បីប្រែសង្គមនិងសេដ្ឋកិច្ច។

១៤. ឧស្សាហកម្មតុបតែងលម្អ៖ ជាការងារត្រូវធ្វើនិងថែរក្សានូវដង្ហើមសេដ្ឋកិច្ច។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ផងដែរថា ក្រៅពីសមិទ្ធផលដែលសម្រេចបាន​នាពេលកន្លងមក ការងារបន្ទាប់ដែល​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវងាកមកគិតគូរគឺ​ការរៀប​ចំក្រុង និងទីប្រជុំជនឱ្យបានច្រើន និងការងារអាទិភាពផ្សេងទៀតដូចខាងលើ ដើម្បីចូលរួមកសាងកម្ពុជា​ឱ្យមាន​ខឿនសេដ្ឋកិច្ច​និងខឿនការពារជាតិរឹងមាំ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ខណៈស្ថានភាពពិភពលោក​ប្រែប្រួលឥតឈប់ឈរ៕