កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ បានរកឃើញម្ចាស់ជ័យលាភីចំនួន ១៤ ក្រុម/ក្រុមហ៊ុន ដោយសាទរនវានុវត្តន៍របស់ជ័យលាភីទាំងនេះ ក្នុងការកសាងវប្បធម៌សហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះ អបអរសាទរបេក្ខជនដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅក្នុងដំណើរការប្រកួតប្រជែង រយៈពេលពេញមួយឆ្នាំ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងប្រមាណ ៨.០០០នាក់ជាក្រុម និងក្រុមហ៊ុនមកពី ២៥រាជធានី-ខេត្ត។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានកោតសរសើរដល់ជ័យលាភី និងលើកទឹកចិត្តសហគ្រិនទាំងអស់ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាព ដើម្បីចាប់យកឧត្តមភាព និងនិរន្តរភាពអាជីវកម្ម។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា៖ «ភាពជោគជ័យនេះ គឺជាការចាប់ផ្តើមនៃដំណើរសហគ្រិនភាពដ៏ប្រសើរមួយ។ ជាមួយនឹងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ បច្ចុប្បន្នឱកាសផលិតមានកាន់តែច្រើន ហើយតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាពក៏មានកាន់តែខ្ពស់។ យើងមានទំនួលខុសត្រូវរួមក្នុងការអភិវឌ្ឍ ពង្រឹង និងលើកកម្ពស់អាជីវកម្មក្នុងស្រុក ធ្វើយ៉ាងណាឱ្យពួក គេមានសមត្ថភាព ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការត្រៀមលក្ខណៈឈានចូលទីផ្សារក្រៅប្រទេស»។
សម្រាប់ម្ចាស់ជ័យលាភីទាំង ១៤ ក្រុម/ក្រុមហ៊ុន មានដូចជា៖
១. ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម
*ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២៥ បានទៅលើក្រុមហ៊ុន មេហ្គា អេហ្វ&ប៊ីឯ.ក * ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនវានុវត្តន៍ បានទៅលើក្រុមហ៊ុន ហូស្ពីកឃែ ខេមបូឌាឯ.ក
* ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនាំចេញ បានទៅលើក្រុមហ៊ុន លូស៍ ខេអេច ឯ.ក
* ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកសង្គម បានទៅលើក្រុមហ៊ុន ខេ អេស ស៊ីដ ឯ.ក
២. ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី
* ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៥ បានទៅលើ ក្រុម អាថាយអឺ អេមផាយ
* ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍ បានទៅលើក្រុមហ៊ុន ការពារ សាយប៊ើរ ឯ.ក
* ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសក្តានុពលលូតលាស់ បានទៅលើក្រុម អេ អេ ភី ហ្វាម
* ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសង្គម បានទៅលើ សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ
៣. ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ
* ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកពន្លកនវានុវត្តន៍ បានទៅលើ TOKKATOT
* ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកធុរកិច្ចត្រៀមចូលទីផ្សារ បានទៅលើ STROKIFY
* ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកស្ថាបនិកវ័យក្មេង បានទៅលើ JIV-JEAT
៤. ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ
* ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកនវានុវត្តន៍ជំនាន់ថ្មី បានទៅលើ IRIS
* ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកនិរន្តរភាពជំនាន់ថ្មី បានទៅលើ KARCHEE
* ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកសង្គមជំនាន់ថ្មី បានទៅលើ APSARA
សូមជម្រាបជូនថា ពានរង្វាន់សហគ្រិនខ្មែរ មានបួនប្រភេទគឺ ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី, និងពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម។ ពានរង្វាន់ទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍសហគ្រិនភាពនៅគ្រប់កម្រិត ចាប់តាំងពីសិស្ស-និស្សិតដែលជានវានុវត្តន៍ករ និងជាស្ថាបនិកវ័យក្មេង ដែលត្រៀមលក្ខណៈធ្វើអាជីវកម្ម ដោយប្រែ ក្លាយគំនិតច្នៃប្រឌិតទៅជាផលិតផលសម្រាប់ទីផ្សារ ព្រមទាំងលើកកម្ពស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យមដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ម្ចាស់ជ័យលាភីត្រូវបានជ្រើសរើសដោយផ្អែកលើភាពច្នៃ ប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ បានឈានដល់ឆ្នាំទី៥ ដោយបន្តបេសកកម្មរបស់ សហគ្រិនខ្មែរ ក្នុងការថែបំប៉ន ដុសខាត់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ ឱកាសសម្រាប់ការបណ្តុះបណ្តាល ការកសាង បណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅ គ្រប់កម្រិត។
កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៥ ដែលមានកម្មវិធីស្នូល សំខាន់ៗ របស់សហគ្រិនខ្មែរ ដែលដំណើរការក្នុងពេលទន្ទឹមគ្នា ដូចជាការប្រកួតប្រជែងគំនិតអាជីវកម្ម ការប្រកួត គំរូអាជីវកម្មរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម រហូតដល់ការរៀបចំវេទិកា សិក្ខាសាលា និងកម្មវិធីពានរង្វាន់នានា ដែលសហគ្រិនក្នុងស្រុកអាចទទួលបានចំណេះដឹង កសាងបណ្តាញធុរកិច្ច និងឱកាស ដែលគាំទ្រកំណើន និងនិរន្តរភាពសហគ្រាសរបស់ខ្លួន៕





