សម្តេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជា កំណត់អត្តសញ្ញាណកម្មពិការភាពបានជាង៣៥ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋានបានជាង៣៥ម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម” ដែលផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចធិបតី បានបន្តថា អត្តសញ្ញាណកម្មពិការភាព ខណៈបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន១៤១ ០៨៥នាក់។

សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ក្នុងគោលដៅកំណត់អត្តសញ្ញាណជនមានពិការភាព ឱ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ប្រព័ន្ធនេះនឹងផ្តល់ទិន្នន័យគោលស្តីពីពិការភាពសម្រាប់ជាមូលដ្ឋាន ក្នុងការគិតគូរផ្នែកគោលនយោបាយគាំពារសង្គមនិងសង្គមកិច្ចផ្សេងទៀតទៅតាមតម្រូវការជាក់ស្តែង និង ទៅតាមវិស័យរៀងៗខ្លួន។

ជាក់ស្តែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ គ្រួសារគោលបានចុះឈ្មោះក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន៧១៧ ១៣២គ្រួសារ ក្នុងនោះជនមានពិការភាពដែលបានទទួលផលពី កម្មវិធីនេះមានចំនួន៥៤ ៨១៩នាក់ ដោយបានចំណាយថវិកាប្រចាំខែចំនួន ១០ ៣២១ ៥០០ ០០០រៀល ស្មើទំហំប្រមាណ ២,៥៨០,៣៧៥ ដុល្លារអាម៉េរិក៕អត្ថបទ៖ហ្សាលីន