ឧកញ៉ា ចាន់ សុឃាំង និងឧកញ៉ា ឡាយ ឈុនហួ ចូលរួមទទួលគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន មកស្វែងរកទិញអង្ករដោយផ្ទាល់ពីកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ឡាយ ឈុនហួ ប្រធាន​សហព័ន្ធ​ស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបពិភាក្សាជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​ហ្វីលីពីន មកស្វែងរកទិញអង្ករដោយផ្ទាល់ពីកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated ក្នុងគោលបំណងពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បី​ផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀតជូនដល់បងប្អូនកសិករកម្ពុជា។

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព ក្រសួងកសិកម្មបាន​សម្របសម្រួលឱ្យមានជំនួបដោយផ្ទាល់រវាងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីននិងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បី​ចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញនេះអាចកើតឡើងក្នុងពេលឆាប់ៗ។ ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការតភ្ជាប់ទំនាក់ទំនងកសិពាណិជ្ជកម្មថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក​សម្រាប់ប្រទេសទាំងពីរ។ ភាគីហ្វីលីពីន នឹងទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ខណៈដែល​កម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត»។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ការបើកទីផ្សារអង្ករថ្មីនេះ ក៏នឹងជួយឱ្យរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួង​កសិកម្ម​មានលទ្ធភាពក្នុងការប្រមូលទិញស្រូវពីបងប្អូនប្រជាកសិកររបស់យើងបានកាន់តែច្រើន និងទូលំទូលាយជាងមុន។

សូមជម្រាបថា នៅថ្ងៃទី០៣ ខែធ្នូ នោះដែរ ឧកញ៉ា ចាន់ សុឃាំង និងឧកញ៉ា ឡាយ ឈុនហួ ក៏បានចូលរួមជាមួយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ  ក្នុងការអញ្ជើញស្វាគមន៍  Atty. Genevieve E. Velicaria-Guevarra អនុរដ្ឋលេខាធិការសម្រាប់អាជីវកម្មកសិកម្ម ការងារទីផ្សារ និងកិច្ចការអ្នកប្រើប្រាស់ ក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូដែលជាអ្នកទិញ​អង្ករ ចំនួន ៨ ក្រុមហ៊ុន មកកាន់ក្រុមហ៊ុន ព្រីម្លិះ ខប ភើរេសិន និង ក្រុមហ៊ុន អប្សរា រ៉ាយស៍ (ខេមបូឌា) ខូអិលធីឌីផងដែរ៕