EU ប្រកាសពីផែនការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីជាង ១០០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

អន្តរជាតិ

សហភាពអឺរ៉ុប (EU) បានបង្ហាញពីផែនការមួយដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រុូវបានបង្កកជិត ១០៥ពាន់លានដុល្លារ ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់អ៊ុយក្រែន សម្រាប់រយៈពេលពីរឆ្នាំ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីប្រទេសបែលហ្ស៊ិកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី៣ ខែធ្នូថា ៖”ថ្ងៃនេះយើងបានដាក់សំណើដើម្បីគ្រប់គ្រងពីរភាគបីនៃតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខ។ តួលេខនេះគឺមានចំនួន ៩០ពាន់លានអឺរ៉ូ (១០៥ពាន់លានដុល្លារ) ដែលនៅសល់នឹងត្រូវបានគ្រប់គ្រងដោយដៃគូអន្តរជាតិ”។

មិនតែប៉ុណ្ណោះ លោកស្រី Von der Leyen បានពន្យល់ទៀតថា ចំនួនទឹកប្រាក់ទាំងនេះ នឹងត្រូវបានរៃអង្គាសដោយការខ្ចីប្រាក់ពីសហភាពអឺរ៉ុប ឬប្រើប្រាស់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបង្កកនៅអឺរ៉ុប ដើម្បីផ្តល់ជាប្រាក់កម្ចីសំណង ដល់អ៊ុយក្រែន។

យោងតាមលោកស្រី ប្រភពហិរញ្ញវត្ថុទាំងនេះ នឹងអនុញ្ញាតឱ្យទីក្រុងគៀវ ធ្វើការចរចាសន្តិភាពជាមុន នៅក្នុងបរិបទនៃសហរដ្ឋអាមេរិកដែលដាក់សម្ពាធលើអ៊ុយក្រែនឱ្យឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសបែលហ្ស៊ិក ដែលជាទីតាំងរបស់ធនាគារ Euroclear អន្តរជាតិ និងជាទីតាំងកាន់កាប់ទ្រព្យសម្បត្តិភាគច្រើនរបស់រុស្ស៊ីដែលត្រូវបានបង្កក រហូតមកដល់ពេលនេះ បានប្រឆាំងនឹងផែនការនេះ ដោយសារមានការភ័យខ្លាចអំពីការប្រឈមមុខនឹងការសងសឹកផ្នែកច្បាប់ និងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ពីទីក្រុងមូស្គូ នៅពេលក្រោយ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបែលហ្ស៊ិក បានសង្កត់ធ្ងន់ទៀតថា ខ្លួនចង់បានការធានាយ៉ាងរឹងមាំពីប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ជុំវិញការទទួលខុសត្រូវលើការបែងចែកទ្រព្យបង្កកទាំងនេះ។ ប៉ុន្តែបើតាមគណៈកម្មការអឺរ៉ុប បានទទូចថាខ្លួនបានដាក់ចេញនូវ “ប្រព័ន្ធការពារបីជាន់” ដើម្បីការពារប្រទេសបែលហ្ស៊ិកពីហានិភ័យផ្នែកច្បាប់ណាមួយ៕​