សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បានចេញអនុក្រឹត្យស្តីពីការទទួលស្គាល់សហព័ន្ធដំឡូងមីកម្ពុជា (ស.ដ.ក.) ជាស្ថាប័នឯកជនតែមួយគត់សម្រាប់វិស័យដំឡូងមីនៅកម្ពុជា ដែលស្ថិតក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម។

យោងតាមអនុក្រឹត្យ សហព័ន្ធដំឡូងមីកម្ពុជា ត្រូវដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាលនិងប្រធានសហព័ន្ធដែលកើតចេញពីការបោះឆ្នោត ស្របតាមលក្ខន្តិកៈ និងមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សហព័ន្ធនេះ ជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ដោយធ្វើសកម្មភាព ដូចជា៖ ផ្សព្វផ្សាយ និងជំរុញការនាំចេញដំឡូងមី, ចូលរួមកែលម្អផលិតកម្មដំឡូងមី និងជំរុញការងារកែច្នៃដំឡូងមី, ចូលរួមក្នុងការងារសិក្សាស្រាវជ្រាវពូជដំឡូងមី, ចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចាបើកច្រកទីផ្សារដំឡូងមី ជាមួយបណ្តាប្រទេសជាដៃគូ, ចូលរួមរៀបចំសន្និសីទ និងពិព័រណ៍ដំឡូងមីថ្នាក់ជាតិ និងអន្តរជាតិ, ចូលរួមសកម្មភាពនានាដែលពាក់ព័ន្ធនឹងវិស័យដំឡូងមីក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ, សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីកំណត់ប្រភេទកសិផលអាទិភាពផ្សេងទៀតសម្រាប់ការនាំចេញ។
សូមជម្រាបថា សហព័ន្ធដំឡូងមីកម្ពុជា បច្ចុប្បន្នគឺមាន ឧកញ៉ា ច្រាយ សុន ប្រធានក្រុមហ៊ុន ឃែភីថល ហ្វ៊ូដ អ៊ិនវេសមេន អ៊ីមផត អិចផត ជាប្រធានសហព័ន្ធ ព្រមទាំងមាន អនុប្រធាន ៤រូប និងសមាជិក សមាជិកា សរុបទាំងអស់ចំនួន ១៥រូប៕









