គណៈប្រតិភូឧស្សាហកម្មខេត្តសានទុង ស្វែងរកឱកាសពង្រីកការវិនិយោគ និងគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានទុង បានស្វែងរកឱកាសវិនិយោគថ្មីៗ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម របស់កម្ពុជា ពិសេសលើការកែលម្អបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានទុង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក យ៉ាង ហុងយូ ប្រធានប្រតិភូឧស្សាហកម្មខេត្តសានទុង បានជម្រាបជូនអំពីមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងបណ្តាញធុរកិច្ចដ៏ធំទូលាយរបស់ខេត្តសានទុង។ លោកបានលើកឡើងថា៖ «ជាមួយនឹងសមាជិកជាង ៤០ ម៉ឺននាក់នៅក្នុងសហព័ន្ធរបស់យើង ដែលមួយចំនួនកំពុងធ្វើអាជីវកម្មដោយជោគជ័យ នៅកម្ពុជា យើងសំឡឹងឃើញឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការ ជាពិសេសលើនវានុវត្តន៍។”

លោកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកទឹកចិត្តសហគ្រាសខេត្តសានទុងជាច្រើនទៀត ឱ្យស្វែងរកឱកាសវិនិយោគ និងផ្តល់សេវាកម្មនៅកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងប្រាប់គណៈប្រតិភូអំពីអាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និងឱកាសជាច្រើនក្នុងការសហការស៊ីជម្រៅជាមួយខេត្តសានទុង។ លោកបានលើកឡើងថា៖ “ក្រសួងស្វាគមន៍ការវិនិយោគពីខេត្តសានទុង និងរីករាយក្នុងការចែករំលែកព័ត៌មាន និងផ្តល់សេវាគាំទ្រ ដើម្បីរួមចំណែកដល់ជោគជ័យនៃអាជីវកម្មរបស់លោកអ្នកនៅកម្ពុជា។”

លោកក៏បានរំលេចពីសារៈសំខាន់នៃការត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់លើតម្រូវការសកលកាន់តែខ្ពស់ ដូចជាវិធានដើមកំណើតទំនិញ លក្ខខណ្ឌវត្ថុធាតុក្នុងស្រុក និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលនឹងទាមទារសមត្ថភាពឧស្សាហកម្មកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានស្នើឱ្យខេត្តសានទុងដើរតួនាទីសំខាន់ក្នុងការវិវត្តនេះ ពិសេសជួយពង្រឹងសមត្ថភាពអ្នកផ្គត់ផ្គង់ជាសហគ្រាសក្នុងស្រុក និងការចែករំលែកបច្ចេកវិទ្យាសមស្រប។ ឯកឧត្តមបានលើកឡើងថា៖ «ខណៈដែលលក្ខខណ្ឌតម្រូវសកលនឹងកាន់តែខ្ពស់ យើងខ្ញុំស្នើឱ្យខេត្តសានទុងគាំទ្រកម្ពុជា មិនមែនត្រឹមតែសម្រាប់ប្រាក់ចំណេញរយៈពេលខ្លីទេ ប៉ុន្តែក៏សម្រាប់អនាគតក្រោយឆ្នាំ២០២៩ ផងដែរ។”

លោកបានស្វាគមន៍គំនិតផ្តួចផ្តើមបង្កើតសេវាប្រឹក្សាយោបល់អាជីវកម្ម ដើម្បីណែនាំដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដូចជាសេវាប្រឹក្សាទាក់ទងនឹងការវិនិយោគលើបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនជាដើម។