សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងទៅនឹងសាច់ញាតិបងប្អូនរបស់ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា និងក្រុមហ៊ុនចំនួន៦ ផ្សេងទៀត ដែលបានដឹកជញ្ជូនប្រេងទោកាន់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមក្រសួងរតនាសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី១១ ខែធ្នូថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើចៅប្រុសបីនាក់របស់លោកស្រី Cillia Flores ដែលជាភរិយារបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro រួមមានលោក Efrain Antonio Campo Flores, Franqui Francisco Flores de Freitas និង Carlos Erik Malpica Flores។
គួរឲ្យដឹងថា លោក Campo និង Francisco Flores de Freitas ត្រូវបានចោទប្រកាន់ថាជាអ្នកជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ នៅក្នុងវេណេស៊ុយអេឡា។ កន្លងមកសហរដ្ឋអាមេរិក ធ្លាប់បានដាក់ទណ្ឌកម្មលើលោក Malpica ផងដែរ ក្នុងឆ្នាំ២០១៧ ប៉ុន្តែត្រូវបានលើកលែងវិញ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូ បៃដិន ដើម្បីលើកកម្ពស់ការសន្ទនាជាមួយប្រទេសវេណេស៊ុយអេឡា។
មិនតែប៉ុណ្ណោះ ទីភ្នាក់ងារនេះក៏បានចេញទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចំនួនប្រាំមួយដែលដឹកជញ្ជូនប្រេងទៅកាន់ប្រទេសវេណេស៊ុយអេឡា ពាក់ព័ន្ធនឹងការអនុវត្តការដឹកជញ្ជូនក្លែងបន្លំ មិនមានសុវត្ថិភាព និងកំពុងផ្តល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលទីក្រុងការ៉ាកាស។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសដាក់ទណ្ឌកម្មនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឯឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា ដែលជាសកម្មភាពមួយដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថាជាការកំណត់គោលដៅលើរបបប្រធានាធិបតី Maduro៕

