វៀមណាម គ្រោងបង្កើនការវិនិយោគឱ្យដល់ ៣៤ ពាន់លានដុល្លារ ក្នុងវិស័យកសិកម្ម នៅឆ្នាំ ២០៣០

អន្តរជាតិ

យោងតាមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញផ្នែកឧស្សាហកម្ម បានបង្ហាញឱ្យដឹងថា វៀតណាម បានកំណត់យកគោលដៅ ក្នុងការបង្កើនទ្វេដងនៃការវិនិយោគពីបរទេស ទៅក្នុងវិស័យកសិកម្មរបស់ខ្លួន ដល់ចំនួន ៣៤ ពាន់លានដុល្លារ នៅត្រឹមចុងឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Ta Thu Trang មកពីវិទ្យាស្ថានគោលនយោបាយ និងយុទ្ធសាស្រ្ត ដែលស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ (MARD) បាននិយាយថា វិស័យកសិកម្មរបស់វៀតណាម មានការរីកចម្រើនខ្លាំង គួរឱ្យកត់សម្គាល់ ក្នុងរយ:ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។

គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ ដល់ ២០២០ វិស័យកសិកម្មរបស់វៀតណាម រក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ២,៨៣% ដែលជា​កត្តា​ធ្វើឱ្យប្រទេសនៅអាស៊ានមួយនេះ សម្រេចបានរហូតដល់ ១២% នៃការនាំចេញអង្ករសរុប ទៅកាន់ពិភពលោក ។

យ៉ាងណាមិញ វិនិយោគិនបរទេស បានដើរតួយ៉ាងសំខាន់ នៅក្នុងភាពជោគជ័យរបស់វៀតណាម ក្នុងការធ្វើទំនើបកម្មលើវិស័យកសិកម្ម ដោយការនាំយកមកនូវបច្ចេកវិទ្យាទំនើបៗ និងបង្កើតការងាររាប់ពាន់កន្លែង ប៉ុន្តែទន្ទឹមនឹងនេះ ការទាក់ទាញអ្នកវិនិយោគិនបរទេសឱ្យ មកវិនិយោគនៅក្នុងប្រទេសខ្លួន នៅតែមានកម្រិតនៅឡើយ ។

ដោយឡែក លោកស្រី Trang បាននិយាយទៀតថា ក្នុងអំឡុងឆ្នាំ ២០០៩ ដល់ ២០២១ វិនិយោគិនបរទេស បានចុះឈ្មោះក្រោមគម្រោងវិនិយោគ ត្រឹម ២០០០ គម្រោងប៉ុណ្ណោះ ដែលនេះគឺស្មើនឹង ៥,៧% នៃគម្រោងទាំងអស់ នៅក្នុងប្រទេសវៀតណាម ជាមួយទុនវិនិយោគ ១៧,៦៤ ពាន់លានដុល្លារ ឬស្មើនឹង ៤,៣% នៃការវិនិយោគសរុប ។

ប៉ុន្តែថ្មីៗនេះ លោកបណ្ឌិត Nguyen Anh Phong ប្រធានមជ្ឈមណ្ឌលព័ត៌មានរបស់ MARD បាននិយាយថា វៀតណាមមានគម្រោងនាំយកការវិនិយោគពីបរទេស នៅក្នុងវិស័យកសិកម្មឱ្យឡើងដល់ ៣៤ ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ ២០៣០ ជាមួយនឹងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធំៗ លើគ្រប់វិស័យទាំងអស់។

ជម្រាបជូនផងដែរថា គម្រោងវិនិយោគលើវិស័យកសិកម្មវៀតណាមភាគច្រើន ទទួលបានមកពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដោយក្នុងនោះពួកគេបានបោះទុនទៅកាន់តំបន់សំខាន់ៗដូចជា តំបន់ជុំវិញទីក្រុងហាណូយ និងតំបន់ដីសណ្តទន្លេមេគង្គ ដោយសារនៅទីនោះ ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍស្រាប់៕