លោក ត្រាំ គំរាមដាក់ពន្ធ ២៥% លើទូរស័ព្ទ iPhone ដែលមិនផលិតនៅក្នុងទឹកដីអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានព្រមានថាក្រុមហ៊ុន Apple ត្រូវតែបង់ពន្ធអប្បរមា ២៥% ទៅលើទូរស័ព្ទ iPhone ដែលផលិតនៅក្រៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មានលើនេះ ត្រូវបានចែករំលែកដោយលោក ត្រាំ នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន​ កាលពីថ្ងៃទី២៣ ខែឧសភា។ លោក ត្រាំ​ បាននិយាយថា លោកបានប្រាប់ទៅកាន់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook តាំងពីយូរណាស់មកហើយ អំពីបំណងរបស់លោក ដោយចង់ឲ្យគ្រប់ទូរស័ព្ទ iPhone ដែលលក់នៅសហរដ្ឋអាមេរិក ត្រូវតែផលិត និងដំឡើងនៅក្នុងប្រទេស មិនមែននាំយកមកពីឥណ្ឌា ឬប្រទេសណាមួយផ្សេងទៀតនោះឡើយ។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រសិនបើផលិតផលរបស់ Apple មិនមែនផលិតនៅក្នុងសហរដ្ឋអាមេរិកទេនោះ ពួកគេនឹងត្រូវរងពន្ធអប្បបរមា ២៥% ។

ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជាង ២% នៅក្នុងការជួញដូរចុងក្រោយ បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ នេះ។ បច្ចុប្បន្នក្រុមហ៊ុន Apple ធ្វើការផលិតភាគច្រើននៅក្នុងប្រទេសចិន ប៉ុន្តែក៏បានផ្លាស់ប្តូរទីកន្លែងផលិតកម្មរបស់ខ្លួនមួយចំនួន ទៅកាន់ប្រទេសឥណ្ឌាវិញផងដែរ ដោយសារតែទីនោះមានទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាមេរិក ល្អជាងចិន៕