លោក ហួត ហាក់៖ ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines នឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទី

សង្គម​ និង​សេដ្ឋកិច្ច

​ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ជាសមិទ្ធិផលថ្មី និងមានសារៈសំខាន់ដែលសម្រេចបានដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងការប្រឹងប្រែងរួមគ្នារវាងភាគីដែលពាក់ព័ន្ធទាំងអស់ទាំងកម្ពុជា និងតួកគីយ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines នឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទីមកកាន់កម្ពុជា។ នេះជាការលើកឡើងរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងពិធីសម្ពោធការហោះហើរត្រង់ដំបូងគ្នារវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

លោក ហួត ហាក់ បានថ្លែងថា សមិទ្ធិផលប្រកបដោយផ្លែផ្កា និងមានសារៈសំខាន់នេះ គឺអាចសម្រេចបានតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមយ៉ាងសកម្ម និងពុំចេះនឿយហត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាប្រព័ន្ធជវភាពនៃតួអង្គតែមួយ ចាប់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្រោមដំបូលរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការដ៏ល្អពីរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោកបន្តថា តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាមួយគោលដៅជាង៣៥០កន្លែង ក្នុង១៣០ប្រទេសជុំវិញពិភពលោកមួយនេះ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា នឹងត្រូវបានយកទៅផ្សព្វផ្សាយជុំវិញពិភពលោក ហើយនឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទីនៃពិភពលោកមកកាន់កម្ពុជាយ៉ាងពិតប្រាកដ។