ក្រសួងពាណិជ្ជកម្មកម្ពុជា និងអគ្គលេខាធិការមូលនិធិចិន បានប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។


នេះបើយោងតាមជំនួបពិភាក្សា កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Wang Heming អគ្គលេខាធិការមូលនិធិចិន។
នាឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងចិន និងថ្លែងអំណរគុណ ចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការពង្រឹងការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ការអភិវឌ្ឍទីផ្សារ សមាហរណកម្មឧស្សាហកម្ម ការកែច្នៃ និងធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម រវាងចិន និងកម្ពុជា។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានស្វាគមន៍ ចំពោះបំណងក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា និងថ្លែងអរគុណចំពោះការបន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមយៈការជំរុញបន្ថែមការវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសុខាភិបាលជាដើម ដែលជាវិស័យទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា រយៈពេល ១០ខែ គិតចាប់ពីខែមករា-តុលា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍បង្ហាញក្នុងវិធីសម្ពោធ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន


