យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes កាលពីថ្ងៃទី១៥ ខែធ្នូ បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk បានបន្តកើនឡើង ១៦៨ពាន់លានដុល្លារបន្ថែមទៀតត្រឹមរយៈពេលតែមួយថ្ងៃ។

ជុំវិញការកើនឡើងដ៏ច្រើនបែបនេះ បានធ្វើឲ្យលោក Musk ក្លាយជាមនុស្សដំបូងគេបំផុតនៅលើពិភពលោក ដែលមានចំនួនទ្រព្យសម្បត្តិសរុបឈានដល់ ៦០០ពាន់លានដុល្លារ។
យ៉ាងណាមិញ ចំពោះមូលហេតុដែលធ្វើឲ្យទ្រព្យរបស់លោក Musk ហក់ឡើងខ្ពស់បែបនេះ គឺត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុនអវកាស SpaceX របស់លោក កំពុងរៀបចំសម្រាប់ការបោះផ្សាយលក់ IPO នៅឆ្នាំក្រោយ។
មិនតែប៉ុណ្ណោះ ក្រៅតែពី SpaceX លោក Musk ក៏ទទួលបានអត្ថប្រយោជន៍ពីភាគហ៊ុន ១២% របស់លោកនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើង ១៣% នៅឆ្នាំនេះ ទោះបីជាការលក់ខ្សោយក៏ដោយ។
លើសពីនេះ បើយោងតាម Forbes ក៏បានបន្តរាយការណ៍ទៀតផងដែរថា នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់លោក Musk ដើម្បីឆ្ពោះទៅរកការក្លាយជាមនុស្សដំបូងគេបង្អស់នៅលើពិភពលោក ដែលមានចំនួនទ្រព្យសម្បត្តិសរុប ១ទ្រីលានដុល្លារ នាពេលខាងមុខ៕

