កម្ពុជា មានការតក់ស្លុតសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់សម្លាប់ នៅឆ្នេរ Bondi ក្នុងទីក្រុង Sydney រដ្ឋ New South Wales ប្រទេសអូស្ត្រាលី កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលផ្សាយចេញនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ កម្ពុជាសូមសម្តែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ ក្រុមគ្រួសារ និងអ្នកដែលរងផលប៉ះពាល់ដោយសោកនាដកម្មនៃការវាយ ប្រហារភេរវកម្មនេះ។ យើងត្រៀមខ្លួនក្នុងស្មារតីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងគ្រាដ៏លំបាកនេះ ហើយសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការប្រឆាំងអំពើហិង្សា និងភាព ជ្រុលនិយមគ្រប់ទម្រង់។
ជាមួយគ្នានេះ កម្ពុជា ក៏សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សានេះ ដែលបណ្តាលឱ្យបាត់បង់ ជីវិតមនុស្សស្លូតត្រង់។ អំពើភេរវកម្មបែបនេះ គឺមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបាន ហើយផ្ទុយនឹងគោលការណ៍សន្តិភាព មនុស្សជាតិ និងសន្តិសហវិជ្ជមាន។
សូមរម្លឹកថា យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានស្លាប់បាត់បង់ជីវិត និងជិត៣០នាក់ផ្សេងទៀតបានរងបួស ក្នុងហេតុការណ៍បាញ់ប្រហារ នៅអូស្រ្តាលី។ បើផ្អែកតាមប៉ូលិសមូលដ្ឋាន ការបាញ់ប្រហារនេះបានកើតឡើង នាល្ងាចថ្ងៃអាទិត្យ ទី១៤ ធ្នូ នៅអំឡុងពេលដែលសហគមន៍ជនជាតិជ្វីហ្វកំពុងប្រារព្ធពិធីបុណ្យ Hanouka នៅឆ្នេរសមុទ្រដ៏ល្បីល្បាញមួយកន្លែង នៅទីក្រុងស៊ីដនី។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី អេនថូនី អាល់ប៉ានីស៊ីស បានចាត់ការវាយប្រហារនេះ ជាអំពើអាក្រក់ជូរជាតិបំផុត ជាការរើសអើងស្អប់ខ្ពើមជនជាតិជ្វីហ និងជាអំពើភេរវកម្មដែលមិនអាចអត់ឱនឱ្យបានផងដែរ៕ អត្ថបទ៖ហ្សាលីន


