ក្រសួងការពារជាតិ បង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ បានបង្ហាញនៅបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១១ ហើយ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែធ្នូ បានបញ្ជាក់ថា ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ  និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១៧:៣៣នាទី យោធាថៃបានធ្វើការវាយសម្រុកខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំគ្រប់ ប្រភេទនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។

–  ម៉ោង ១៧:៣៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែន      អធិបតេយ្យកម្ពុជានៅភូមិសាស្ត្រប្រាសាទតាក្របី។

–  ម៉ោង ១៩:៣៤នាទី យោធាថៃធ្វើការវាយប្រហារនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ៤:៤៥នាទី យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ ១០០មមលើរថក្រោះបាញ់ចូលភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់, ថ្មដូន។

–  ម៉ោង ៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ប្រាសាទតាក្របី, ថ្មដូន និងប្រាសាទតាមាន់

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១៨:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ កម្ពុជាខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

–  ម៉ោង ១៨:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

–  ម៉ោង ១៩:២៥នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុក ដំរី។

–  ម៉ោង ២០:០៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច១។

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ៦:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។

–  ម៉ោង ៦:២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិ សាស្រ្តភូមិជោគជ័យ។

–  ម៉ោង ៦:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។

–  ម៉ោង ៦:៤៩នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលមក ខាងមុខភូមិសាស្ត្រភូមិព្រៃចាន់។

–  ម៉ោង ៦:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។

–  ម៉ោង ៦:៥៦នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិព្រៃចាន់។

–  ម៉ោង ៧:១១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។

–  ម៉ោង ៧:២១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ក្រសួងការពារជាតិ បញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៧នាក់ (ទារក១នាក់) និងរបួសចំនួន ៧៧នាក់ គិតត្រឹមថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច។

ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិទាមទារឱ្យយោធាថៃ៖

•    បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន

•   បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ

•  បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធស៊ីវិល

•  បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល

•  បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។

ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ  ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង  ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។

ក្រសួងការពារជាតិ សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕