លោក Zelensky ថាអ៊ុយក្រែននឹងប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីទិញសព្វាវុធ

អន្តរជាតិ

ប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនមានគម្រោងប្រើប្រាស់លុយដែលទទួលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីបំពេញតម្រូវការ ដូចជាការទិញសព្វាវុធជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof នៅទីក្រុងឡាអេ កាលពីថ្ងៃទី១៦ ខែធ្នូ លោក Zelensky បាននិយាយថា ប្រទេសរបស់ខ្លួន មានគម្រោងប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីចំនួន ២១០ពាន់លាន់អឺរ៉ូ (ប្រមាណជាង ២៤៦ពាន់លានដុល្លារ) ដែលកំពុងត្រូវបានបង្កកនៅអឺរ៉ុប ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

យ៉ាងណាមិញ លោក Zelensky បានបន្តទៀតថា ដំបូងឡើយអ៊ុយក្រែន ចង់ប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ដើម្បីកសាងប្រទេសឡើងវិញ ប៉ុន្តែយ៉ាងណាក៏ដោយចំនួនទឹកប្រាក់ទាំងនេះហាក់មិនគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់ការខាតបង់បន្ទាប់ពីជម្លោះនោះឡើយ។

ផ្ទុយទៅវិញ ប្រធានធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីទាំងនេះ ដើម្បីបំពេញតម្រូវការចំណាយបន្ទាន់ ដូចជាការទិញអាវុធជាដើម។

ជម្រាបជូនថា បន្ទាប់ពីការផ្ទុះឡើងនៃអរិភាពនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ដោយបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី និងអ្នកមានអំណាចជាច្រើនរបស់ប្រទេសនេះ។ ក្នុងចំណោមទ្រព្យសម្បត្តិជាង ២៤៦ពាន់លានដុល្លារដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប (EU) មាន ២១៧​ពាន់លានដុល្លារត្រូវបានរក្សាទុកនៅបែលហ្ស៊ិក ២១ពាន់លានដុល្លារនៅប្រទេសបារាំង និងនៅសេសសល់ ត្រូវបានរក្សាទុកនៅប្រទេសលុចសំបួរ អាល្លឺម៉ង់ និងស៊ុយអែត៕​