យោងតាមទិន្នន័យទទួលបានពី Bloomberg កាលពីពេលថ្មីៗនេះ បានបង្ហាញពីគ្រួសារត្រកូលអ្នកមានបំផុតទាំង៥ នៅលើពិភពលោក ដោយទ្រព្យសម្បត្តិសរុបរួមគ្នាមានចំនួនប្រមាណ ១,៤៥ទ្រីលានដុល្លារ។

យ៉ាងណាមិញ ក្នុងចំណោមនោះ គ្រួសារខ្សែរាជវង្សអារ៉ាប់ចំនួនបី កាន់កាប់ប្រហែល ៥១% នៃទ្រព្យសម្បត្តិសរុបទាំងនោះ។
១. គ្រួសារមហាសេដ្ឋី Walton (សហរដ្ឋអាមេរិក)
គ្រួសារ Walton គឺជាកូនចៅរបស់លោក Sam Walton ដែលជាស្ថាបនិកក្រុមហ៊ុនលក់រាយធំជាងគេបំផុតរបស់ពិភពលោក Walmart។ គ្រូសារនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៥១៣,៤ពាន់លានដុល្លារ។
២. គ្រួសាររាជវង្ស Al Nahyan (អារ៉ាប់រួម)
គ្រួសារ Al Nahyan គឺជាគ្រួសាររាជវង្សដែលកំពុងកាន់អំណាចនៅទីក្រុង Abu Dhabi ដែលជាតំបន់មានជាងគេបំផុតរបស់សហព័ន្ធអារ៉ាប់រួម និងជាជម្រកនៃទុនបំរុងប្រេងភាគច្រើនរបស់ប្រទេសនេះ។ គ្រួសារនេះដឹកនាំដោយព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ដែលក៏ជាប្រធានាធិបតីរបស់អារ៉ាប់រួម ផងដែរ។ គ្រួសារនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៣៥,៩ពាន់លានដុល្លារ។
៣. គ្រួសាររាជវង្ស Al Saud (អារ៉ាប៊ីសាអូឌីត)

គ្រួសាររាជវង្ស Al Saud មានដើមកំណើតចេញពីព្រះអង្គម្ចាស់ Ibn Saud ដែលបានបង្កើតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ១៩៣២។ គ្រួសារនេះបច្ចុប្បន្នត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ Salman bin Abdulaziz Al Saud ដែលបានឡើងគ្រងរាជ្យក្នុងឆ្នាំ២០១៥។ គិតទល់ពេលបច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់គ្រួសារនេះ មានចំនួន ២១៣,៦ពាន់លានដុល្លារ។
៤. គ្រួសាររាជវង្ស Al Thani (កាតា)
គ្រួសារ Al Thani គឺជាគ្រួសាររាជវង្សដែលកំពុងដឹកនាំប្រទេសកាតា ដោយបានគ្រប់គ្រងប្រទេសនេះ គិតចាប់តាំងពីពាក់កណ្តាលសតវត្សទី១៩ មក។ គ្រួសារនេះ កំពុងត្រូវបានដឹកនាំដោយ ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani។ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៩,៥ពាន់លានដុល្លារ
៥. គ្រួសារ Hermes (បារាំង)
គ្រួសារ Hermes មានដើមកំណើតមកពីលោក Thierry Hermes ដែលជាស្ថាបនិករបស់ក្រុមហ៊ុនប្រែនដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ Hermes មានម៉ាកយីហោល្បីៗច្រើន ដែលស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងរឹងមាំរបស់គ្រួសារនេះ បើទោះបីជាវាត្រូវបានចុះបញ្ជីជាសាធារណៈក៏ដោយ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់គ្រួសារនេះ មានចំនួនប្រមាណ ១៨៤,៥ពាន់លានដុល្លារ៕

