ជំទាវបណ្ឌិត ជា សិរី៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥ -២០៣០ ផ្តោតលើអាទិភាពចម្បងៗចំនួន៦

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធន៍ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនេះផ្តោតលើអាទិភាពចម្បងៗចំនួន៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវបណ្ឌិតគូសបញ្ជាក់ថាយុទ្ធសាស្ត្រនេះផ្ដោតលើអាទិភាពចម្បងៗ រួមមាន ១)-ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុដើម្បីការពារទំនុកចិត្ត និងភាពធន់ ២)-ការជំរុញបរិយាបន្នហិរញ្ញវត្ថុជាពិសេស សម្រាប់ស្ត្រី យុវជន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគមជនបទ ៣)-ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ សំដៅធ្វើពិពិធកម្មប្រភពទុនរយៈពេលវែង ៤)-ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ ដើម្បីធានានូវសុវត្ថិភាព និងភាពទុកចិត្តនៃនវានុវត្តន៍បច្ចេកវិទ្យា ៥)-ការគាំទ្រនិងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលគាំទ្រដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ និង ៦)-ការពង្រឹងអភិបាលកិច្ច និងកិច្ចសហការរវាងស្ថាប័នទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុ។

លោកជំទាវមានប្រសាសន៍ថា “វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនេះនឹងបន្តពង្រឹងការផ្តល់កាលានុវត្តភាពនិងលើកកម្ពស់សហគ្រិនភាពដែលជំរុញសកម្មភាពអាជីវកម្មបង្កើនការសន្សំនិងវិនិយោគសម្រាប់អនាគតនិងគាំទ្រដល់កំណើនប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០២៣០ នាថ្ងៃនេះ ពិតជាបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានភាពធន់ ប្រកួតប្រជែង បរិយាបន្ន និងមានចក្ខុវិស័យវែងឆ្ងាយ”៕