រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអនុម័តលក់អាវុធមានតម្លៃជិត ១១ពាន់លានដុល្លារ ទៅឲ្យតៃវ៉ាន់ ដោយក្នុងនោះរួមបញ្ចូលទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ កាំភ្លើងធំ HIMARS និងយន្តហោះគ្មានមនុស្សបើក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP ។

យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី១៧ ខែធ្នូថា កិច្ចព្រមព្រៀងអាវុធចំនួនប្រាំបីជាមួយតៃវ៉ាន់ រួមទាំងប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ចំនួន ៨២ និងប្រព័ន្ធមីស៊ីល (ATACMS) ចំនួន ៤២០ មានតម្លៃជាង ៤ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកក៏នឹងលក់ប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិចំនួន ៦០ និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃជាង ៤ពាន់លានដុល្លារទៅកាន់កោះនេះ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើក (UAV) ដែលមានតម្លៃជាង ១ពាន់លានដុល្លារ បន្ថែមទៀត។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងទាំងនេះក៏រួមបញ្ចូលទាំងកម្មវិធីយោធាដែលមានតម្លៃជាង ១ពាន់លានដុល្លារ មីស៊ីល Javelin និង TOW ដែលមានតម្លៃជាង ៧០០លានដុល្លារ គ្រឿងបន្លាស់ឧទ្ធម្ភាគចក្រដែលមានតម្លៃ ៩៦លានដុល្លារ និងការធ្វើឱ្យប្រសើរឡើង និងជួសជុលឡើងវិញសម្រាប់មីស៊ីល Harpoon ដែលមានតម្លៃ ៩១លានដុល្លារ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយទៀតថា៖ “ប្រតិបត្តិការនេះនឹងជួយបង្កើនសន្តិសុខសម្រាប់កោះតៃវ៉ាន់ និងគាំទ្រដល់ការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់”។
យោងតាមទីភ្នាក់ងារការបរទេសរបស់តៃវ៉ាន់ បានបង្ហាញថា នេះគឺជាកិច្ចព្រមព្រៀងលក់អាវុធលើកទីពីរហើយ សម្រាប់តៃវ៉ាន់ ដែលត្រូវបានប្រកាសក្នុងអំឡុងពេលអាណត្តិទីពីររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈពេលដែលការរងសម្ពាធពីប្រទេសចិន កាន់នៅតែបន្តកើនឡើងខ្លាំង៕

