ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅចំពោះមុខរដ្ឋមន្រ្ដីការបរទេសអាស៊ានទាំងអស់ បានបង្ហាញជំហររបស់កម្ពុជានៅក្នុងការផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព ប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រៀបចំឡើងតាមការឯកភាព របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានសម្តែងការសោកស្តាយដែលស្ថិរភាពដ៏ផុយស្រួយត្រូវបានបំផ្លាញដោយសារផ្ទុះការប្រយុទ្ធគ្នាឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា ក្នុងនាមជាប្រទេសមួយដែលផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព កម្ពុជាបានធ្វើគ្រប់បែបយ៉ាងអស់ពីលទ្ធភាព ដើម្បីឱ្យមានការអនុវត្តពេញលេញ និងការថែរក្សានូវបទឈប់បាញ់ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះបទឈប់បាញ់ ព្រមទាំងវិធាននានាដើម្បីបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្ត ដូចមានចែងក្នុងសេចក្ដីថ្លែងការណ៍រួម។ ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវសេចក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តការប្តេជ្ញាចិត្តឡើងវិញ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនេះឱ្យបានពេញលេញ ដោយស្មោះត្រង់ និងដោយសុទ្ធចិត្ត។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការបញ្ចប់នូវទុក្ខវេទនា របស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពី សារៈសំខាន់នៃការរក្សាភាពជឿជាក់ទៅលើអាស៊ាន ក្នុងនាមជាអង្គការតំបន់មួយដែលសម្រេចបានជោគជ័យបំផុតលើពិភពលោក ដោយមានសមត្ថភាពអាចជួយរដ្ឋសមាជិករបស់ខ្លួន ដោះស្រាយជម្លោះ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ រួមទាំងកាបដិសេធចំពោះការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។
លោក ប្រាក់ សុខុន បានបញ្ចប់សេចក្ដីថ្លែងការណ៍ ដោយគូសបញ្ជាក់អំពីការចាំបាច់ផ្នែកមនុស្សធម៌ ត្រូវមានការដោះលែងដោយគ្មានបង្អែរបង្អង់ និងឥតលក្ខខណ្ឌនូវយោធិនកម្ពុជាទាំង ១៨ នាក់ ដែលកំពុងបន្តស្ថិតក្នុងការឃុំឃាំង។

ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍នេះ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម និងការបន្តចូលរួមចំណែករបស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីសម្រាប់ចំពោះជម្លោះ ដែលកំពុងបន្តវិវត្តទៅមុខ ហើយក៏បានជំរុញឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តភ្លាមៗ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងឈប់បាញ់ លទ្ធផលផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
ទន្ទឹមនឹងនោះ កិច្ចប្រជុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួស ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនភៀសសឹកទាំងសងខាងព្រំដែន បណ្ដាលមកពី ជម្លោះកាន់តែធ្ងន់ធ្ងរ និងបានអំពាវនាវឱ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកការសន្ទនា រួមទាំងតាមរយៈ យន្តការទ្វេភាគី និងការសម្របសម្រួលរបស់ប្រធានអាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះ សម្បែងវិញដោយសុវត្ថិភាព ហើយទីតាំងសាសនា និងបេតិកភណ្ឌវប្បធម៌ត្រូវតែទទួលបាននូវការការពារមិនឱ្យរងការវាយប្រហារដោយអាវុធឡើយ។
ជាមួយនឹងការបញ្ជាក់អំពីសារៈសំខាន់នៃឯកភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាមជ្ឈភាពអាស៊ាន ក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ កិច្ចប្រជុំបានជំរុញឱ្យភាគីទាំងពីរ គោរពគោលការណ៍នៃច្បាប់អន្តរជាតិ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាលចំពោះស្ថានការណ៍បច្ចុប្បន្ន៕


