កម្ពុជា ស្នើអាស៊ានជំរុញនិងគាំទ្រវិធានការ ៣ចំណុចជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងនៅចំពោះមុខកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំរដ្ឋសមាជិកអាស៊ាន ធ្វើការជំរុញនិងគាំទ្រវិធានការចំនួន៣ចំណុចជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសបានឱ្យដឹងថា ៣ចំណុចដែលឧបនាយករដ្ឋមន្រ្ដីការបរទេសកម្ពុជា ស្នើដល់អាស៊ានមានដូចជា៖

  1. ការបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ដោយភាគីទាំងពីរ ចាប់ផ្តើមពីម៉ោង ២២:០០ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការគោរព និងអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។
  2.  ការកែសម្រួលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទៅកាន់ទីតាំងដើម ដូចមុនពេលផ្ទុះ ឡើងនៃអរិភាព និងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង បន្តជីវភាពដូចមុនពេលផ្ទុះជម្លោះ របស់ប្រជាជនជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ប្រកបដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង។
  3. ការដោះស្រាយជម្លោះ រួមទាំងការកំណត់ខ័ណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការបន្តអនុវត្តឡើងវិញជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

លោក  ប្រាក់ សុខុន បានបញ្ចប់សេចក្ដីថ្លែងការណ៍ ដោយគូសបញ្ជាក់អំពីការចាំបាច់ផ្នែកមនុស្សធម៌ ត្រូវមានការដោះលែងដោយគ្មានបង្អែរបង្អង់ និងឥតលក្ខខណ្ឌនូវយោធិនកម្ពុជាទាំង ១៨ នាក់ ដែលកំពុងបន្តស្ថិតក្នុងការឃុំឃាំង៕