សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ថ្កោលទោសចំពោះសង្រ្គាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅព្រៃផ្សៃរបស់ថៃ ដែលកំពុងបន្តនិងរីករាលដាលកាន់តែខ្លាំងៗ ដោយប្រើប្រាស់ គ្រឿងយុទ្ធោបរកណ៍ធុនធ្ងន់ច្រើនប្រភេទ រួមមាន យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម បាញ់ស្រោចចូលជ្រៅ ៨០-៩០គីឡូម៉ែត្រក្នុងដែន អធិបតេយ្យរបស់កម្ពុជាតាមបណ្តាខេត្តនានាមានលំនៅដ្ឋានជនស៊ីវិលកំពុងរស់នៅ ដែលបណ្ដាលឱ្យ មានមនុស្សស្លាប់ រងរបួស ភៀសខ្លួន និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបុរាណ ទ្រព្យសម្បត្តិរដ្ឋ និងបរិស្ថាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ទុក អំពើដ៏សាហាវព្រៃផ្សៃទាំងនេះ មិនត្រឹមតែជាការរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលោភយ៉ាងច្បាស់ក្រឡែតលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា- ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ទង្វើទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ធ្វើការថ្កោលទោស យ៉ាងម៉ឺងម៉ាត់ និងដាក់សម្ពាធលើប្រទេសថៃបញ្ឈប់រាល់ប្រតិបត្តិការយោធារំលោភឈ្លានពានក្នុងទឹកដី កម្ពុជាជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ។

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមអំពាវនាវឱ្យប្រទេសថៃងាកមកគោរពនូវបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺង ម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិ វិធីស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕