ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ សណ្ឋាគារ គម្រោងស្កាយរីវើ (Sky River) លំដាប់ផ្កាយ៤ កម្ពស់ ៦ជាន់ ដែលជាការវិនិយោគទុនរបស់ក្រុមហ៊ុនចិន ស្ថិតនៅកណ្តាលបឹងតាកែវ នៅក្រុងដូនកែវ ខេត្តតាកែវ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សណ្ឋាគារនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្តស្នាក់នៅ ជាពិសេសរួមចំណែកបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខេត្តតាកែវ។
សូមជម្រាបថា ឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ត្រូវបានព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ពីអភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ មកជា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយកាន់តំណែងជាអភិបាលខេត្តថ្មីនេះ ឯកឧត្តម តែងតែខិតខំទាក់ទាញអ្នកវិនិយោគិន មកកាន់ខេត្តតាកែវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានខេត្តនេះ ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ៕





