ឱកាសការងារចំនួន២៥,២១២ កន្លែង នៅរាជធានីភ្នំពេញ នឹងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

យោងតាមក្រសួងការងារ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារជិត៣ម៉ឺនកន្លែងនៅរាជធានីភ្នំពេញនេះ ជ្រើសរើសក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលមានជាច្រើនជំនាញដូចជា៖ កម្មករក្នុងផលិតកម្ម, ដេរ វេចខ្ចប់ និងលាបកាវ, ផ្នែកដេរ, បុគ្គលិកផ្នែកដឹកជញ្ជូន, អ្នកបញ្ជាម៉ាស៊ីនដេរ, យន្ដការីតម្លើងអគ្គិសនី, មន្រ្ដីឥណទាន និងប្រាក់កម្ចី, កម្មករបំបែកសាច់មាន់ និងមានផ្នែកផ្សេងៗជាច្រើនទៀត។
ក្រសួងការងារបានបន្ថែមថា ក្រៅពីរាជធានីភ្នំពេញ, ខេត្ដទាំង២៤ទូទាំងប្រទេសក៏បានប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។
ក្រសួងការងារ គូសបញ្ជាក់ថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ជាថ្មីម្ដងទៀត ក្រសួងក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕









