ខេត្តបាត់ដំបង បើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានចុះពិនិត្យដំណើរការសេវាសាធារណៈនៅតាមបណ្តាស្រុកជាប់ព្រំដែនឡើងវិញ ក្រោយផ្អាកមួយរយៈអំឡុងពេលមានការផ្ទុះសង្គ្រាមដែលបង្កដោយយោធាថៃមកលើកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរចុះពិនិត្យរបស់ លោក សុខ​ លូ រួមជាមួយមន្រ្តីជំនាញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានឱ្យដឹងតាមរយៈរដ្ឋបាលខេត្តបាត់ដំបងថា សេវាសាធារណៈនៅតាមបណ្តាស្រុកជាប់ព្រំដែនបើកឡើងវិញរួមមាន រដ្ឋបាលស្រុក មណ្ឌលសុខភាព សាលារៀន និងទីប្រជុំជនមួយចំនួននៅក្នុងមូលដ្ឋានស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត និងស្រុកបាណន់។

សូមជម្រាបថា សម្រាប់គ្រឹះស្ថានអប់រំនៅក្នុងខេត្តបាត់ដំបង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចេញសេចក្ដីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតនៅស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងស្រុកបាណន់ឱ្យដំណើរបង្រៀន-រៀនធម្មតាចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

គួរកត់សម្គាល់ថា បន្ទាប់ពីប្រទេសកម្ពុជា-ថៃ បានអនុវត្តបទ«ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការបម្រើសេវាសាធារណៈនៅតាមបណ្ដាស្រុកជាប់ព្រំដែន ជាពិសេសប្រជាពលរដ្ឋភៀសសឹកពីតាមតំបន់ព្រំដែនមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់ជាមួយអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងកំពុងដំណើរការអាជីវកម្មរកស៊ីជាប្រក្រតី។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែធ្នូដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងសង្គ្រាមជាង២០ថ្ងៃភាគីថៃបានបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាធ្វើឱ្យរងផលប៉ះពាល់ និងការខូចខាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋជាង៤០ខ្នង, សាលារៀន អគារសាធារណៈ និងរបួសជនជាតិចិន។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានបានជួយជួសជុលផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅស្រុកភ្នំព្រឹក និង២៧ខ្នងទៀតនៅស្រុកសំពៅលូន ព្រមទាំងកំពុងសហការជាមួយក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមភូមិករប្រជាពលរដ្ឋ៕