ភាពចាំបាច់នៃការបន្តបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួប លោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា ឈរលើកគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានសម្លឹងឃើញភាពចាំបាច់ការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច។

នៅក្នុងជំនួបនោះ លោក KIM Chang Yong បានអះអាងថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និងត្រៀមជួយគាំទ្រដល់ភាគីកម្ពុជា គ្រប់បែបយ៉ាង ជាពិសេសការងារបណ្តុះបណ្តាលចែករំលែកបទពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា ដើម្បីដកពិសោធន៍ការងារសន្តិសុខ និងនគរបាល។
រំលឹកដល់បទពិសោធ កិច្ចសហប្រតិបត្តិការកន្លងមក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-កូរ៉េ ដែលតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកលើការងារសន្តិសុខ ពិសេសក្រោយការបង្កើតក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលជាច្រើន ក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមអភិសនិ្តបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ផ្តល់កិច្ចសហការជិតស្និទ្ធ និងផ្លាស់ប្តូរបទពិសោធល្អៗ សំដៅពង្រឹងសមត្ថភាពកងកម្លាំងសមត្ថកិច្ច ដើម្បីរួមចំណែកក្នុងការក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរ និងតំបន់៕


