ចិន រំពឹងមានអតិរេកពាណិជ្ជកម្មលើសពី ១ទ្រីលានដុល្លារ ទោះរងសម្ពាធពន្ធពីអាមេរិក

អន្តរជាតិ

ប្រទេសចិន នៅត្រូវបានគេរំពឹងទុកយ៉ាងខ្ពស់ថា នឹងសម្រេចបានអតិរេកពាណិជ្ជកម្មក្នុងចំនួនកំណត់ត្រារហូតដល់ជាង ១,១ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ បើទោះបីជាមានសម្ពាធពន្ធនាំចូលខ្ពស់របស់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៤ ខែមករា គយចិនបានប្រកាសថា ទាំងការនាំចេញ និងការនាំចូលបានកើនឡើងយ៉ាងខ្លាំង ជាពិេសសនៅក្នុងខែធ្នូ ដោយការនាំចេញបានកើនឡើង ៦,៦% និងការនាំចូលកើនឡើង ៥,៧% ដែលជាចំនួនលើសពីការព្យាករទុក។

ទន្ទឹមនឹងនេះ អតិរេកពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥ ទាំងមូល ត្រូវបានគេព្យាករថានឹងឈានដល់ចំនួនបំបែកកំណត់ត្រា ១,១៨ទ្រីលានដុល្លារ។ យ៉ាងណាមិញ នៅក្នុងរយៈពេលត្រឹម ១១ ខែដំបូង តួលេខនេះបានកើនឡើងលើសពី ១ទ្រីលានដុល្លារ រួចទៅហើយ។

ជម្រាបជូនផងដែរថា កាលពីឆ្នាមមុន ប្រទេសចិន បានកត់ត្រាអតិរេកពាណិជ្ជកម្មតែជាង ១០០ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល ៥ខែដំបូង ដោយសារតែប្រាក់យ៉ន់ចុះខ្សោយ។ បន្ថែមពីនោះ ក្រោមសម្ពាធពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុននាំចេញបានកាត់បន្ថយការពឹងផ្នែកលើទីផ្សារនេះ ដោយផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់អាស៊ីអាគ្នេយ៍ អាហ្រ្វិក និងអាមេរិកឡាទីនជំនួសវិញ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកសេដ្ឋកិច្ចព្យាករថា ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរលើលោក នឹងបន្តបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងពាណិជ្ជកម្មសកលនៅឆ្នាំនេះ។ អាជីវកម្មនៅក្នុងប្រទេសនេះ បានបង្កើតរោងចក្រផលិតនៅក្នុងប្រទេសដែលមានពន្ធនាំចូលទាបនៅពេលចូលទៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។ ហើយជាមួយគ្នានេះ តម្រូវការសម្រាប់បន្ទះឈីប និងគ្រឿងអេឡិចត្រូនិចកម្រិតទាបក៏រួមចំណែកដល់ការកើនឡើងនៃការនាំចេញរបស់ទីក្រុងប៉េកាំងផងដែរ៕​