មហាសេដ្ឋី Elon Musk ថាការសន្សំសំចៃសម្រាប់ចូលនិវត្តន៍នឹងលែងមានប្រយោជន៍ ដោយសារ AI

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ​ បាននិយាយថា ការសន្សំសំចៃសម្រាប់ការចូលនិវត្តន៍នឹងលែងមានប្រយោជន៍ទៀតនោះឡើយនាពេលអនាគត ដោយសារតែបញ្ញាសិប្បនិម្មិត (AI) នឹងអាចជួួយបង្កើតធនធានជាច្រើន ដែលមនុស្សគ្រប់គ្នាអាចមានអ្វីដែលពួកគេចង់បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងពេលនិយាយទៅកាន់កម្មវិធីផតខាស “Moonshots with Peter Diamandis” នឹងត្រូវបានដកស្រង់ដោយសារព័ត៌មាន Business Insider បានបង្ហាញពីអ្វីដែលលោក Musk បាននិយាយថា នៅក្នុងរយៈពេល ១០ ឬ ២០ឆ្នាំខាងមុខ យើងនឹងមិនបាច់ព្រួយបារម្ភអំពីការខ្ជះខ្ជាយលុយសម្រាប់ការចូលនិវត្តន៍ទៀតនោះឡើយ ដោយសារតែបច្ចេកវិទ្យា AI នឹងជួួយើងក្នុងរឿងទាំងនោះ។

មិនតែប៉ុណ្ណោះ ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះ ក៏បាននិយាយទៀតផងដែរថា វឌ្ឍនភាពយ៉ាងឆាប់រហ័សនៅក្នុងវិស័យ AI មនុស្សយន្ត និងថាមពល នឹងផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃ ហើយនិងជំរុញផលិតភាពរបស់មនុស្សយ៉ាងខ្លាំង។

លោក Musk បានព្យាករទៀតថា នៅឆ្នាំ២០៣០ បច្ចេកវិទ្យា AI នឹងកើនឡើងលើសពីភាពវៃឆ្លាតរបស់មនុស្សទាំងអស់រួមបញ្ចូលគ្នា ហើយមនុស្សយន្តនឹងមានចំនួនច្រើនជាងមនុស្សទៅទៀត។

ជុំវិញការរីកចម្រើនទាំងនេះ នឹងបង្កើតធនធានសម្បូរបែប ដែលនឹងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា មានអ្វីដែលពួកគេចង់បាន រួមទាំងការទទួលបានការថែទាំសុខភាពជាសកល ប្រសើរជាងសព្វថ្ងៃនេះ ហើយនិងលែងមានភាពខ្វះខាតលើទំនិញ និងសេវាកម្មទៀតឡើយ។ លោក Musk ក៏បានសង្តក់ធ្ងន់ថា ប្រសិនបើរឿងដែលលោកបានព្យាករទាំងនេះក្លាយជាការពិតមែននោះ ការសន្សំសម្រាប់ចូលនិវត្តន៍នឹងលែងមានន័យអ្វីទៀតឡើយ៕​