ក្រុមហ៊ុនឈានមុខអាម៉េរិក បានសម្រេចបោះទុនប្រមាណ៥០០ លានដុល្លារ វិនិយោគលើគម្រោងចិញ្ចឹមស្វានៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត ដើម្បីប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក CRL បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតី ពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន CRL ដែលបានសម្រេចចិត្តវិនិយោគក្នុងខេត្តកំពង់ធំ ដែលជាចំណុចកណ្តាល និងមានលក្ខណៈជាយុទ្ធសាស្រ្តនៅកម្ពុជា។ ឯកឧត្តមបន្តថា គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ, ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ, ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ គម្រោងវិនិយោគដ៏ធំនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ និយាយដោយឡែក និងនិយាយជារួម សម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម បានបន្ថែមថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា សួនឧស្សាហកម្មចន្ទី, សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម គឺជាការបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំកំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

លើសពីនេះ គម្រោងវិនិយោគដ៏ធំនេះ ក៏ជាបង្គោលចរដ៏សំខាន់មួយ (Milestone) នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ និងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។ គម្រោងនេះក៏ជាសញ្ញា ឬ សារជូនទៅសមាគមវិនិយោគិនអន្តរជាតិថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគល្អៗ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រមទាំងផ្ដល់ប្រព្រឹត្តិកម្មស្មើៗគ្នា ដោយមិនរើសអើង។

វត្តមានក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គូសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនអាម៉េរិក ក្នុងការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មដែលមានតម្លៃបន្ថែម និងបច្ចេកវិទ្យាខ្ពស់ ក្រៅពីវិស័យកាត់ដេរ និងទេសចរណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា សហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុន CRL នៅក្នុងទឹកដីខេត្តកំពង់ធំ គឺនឹងបន្តមានក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត នឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ទៀត ហើយខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានត្រៀមខ្លួនជាស្រេចក្នុងការបន្តស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានស្នើដល់ក្រុមហ៊ុន CRL និងអំពាវនាវដល់កសិដ្ឋានផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វានៅកម្ពុជាទាំងអស់ ត្រូវដំណើរការប្រកបដោយតម្លាភាព និងអនុលោមតាមច្បាប់ឱ្យបានពេញលេញ ព្រោះការចិញ្ចឹមស្វាសម្រាប់ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ និងជីវសាស្ត្រដែលមានស្តង់ដាកម្រិតសកល ដែលចាំបាច់ត្រូវអនុវត្តដោយគោរពយ៉ាងតឹងរ៉ឹង តាមស្តង់ដាអន្តរជាតិ នៃសុខុមាលភាពសត្វ, ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ, ក្រមសីលធម៌វិទ្យាសាស្ត្រ, ការការពារបរិស្ថាន និងធនធានធម្មជាតិជាដើម។

រូបភាព៖ Press OCM