តៃវ៉ាន់ បោះលុយវិនិយោគ ២៥០ពាន់លានដុល្លារនៅអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី​

អន្តរជាតិ

យោងតាមក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៥ ខែមករា បាននិយាយថា សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដើម្បីផលិតបន្ទះឈីប និងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីៗបន្ថែមទៀត នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនផលិតបន្ទះឈីប និងបច្ចេកវិទ្យាតៃវ៉ាន់ នឹងបោះទុនវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ២៥០ពាន់លានដុល្លារ លើសមត្ថភាពផលិតរបស់ខ្លួន នៅសហរដ្ឋអាមេរិក ស្របពេលរដ្ឋភិបាលរបស់តៃវ៉ាន់ ក៏នឹងធានានូវការផ្តល់ឥណទានចំនួន ២៥០ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនទាំងនេះផងដែរ។

យ៉ាងណាមិញ ជាថ្នូរទៅនឹងការវិនិយោគដ៏ធំនេះ សហរដ្ឋអាមេរិក នឹងបន្ធូរបន្ថយការដាក់ពន្ធលើតៃវ៉ាន់មកនៅត្រឹម ១៥% ពោលគឺបានធ្លាក់ចុះពីកម្រិត ២០% ហើយប្តេជ្ញានឹងមិនយកពន្ធបដិការទៅលើឱសថទូទៅ គ្រឿងផ្សំឱសថ គ្រឿងបន្លាស់យន្តហោះ និងធនធានធម្មជាតិមួយចំនួនទៀតនោះឡើយ។

ជម្រាបជូនផងដែរថា ក្នុងចំណោមនោះ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោក បានទិញដីបន្ថែម ដើម្បីពង្រីករោងចក្ររបស់ខ្លួននៅក្នុងរដ្ឋអារីហ្សូណា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick​៕