«ត្រីខកំប៉ុង អន្ទង់ខកំប៉ុង» ជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្មកម្ពុជា ឈានទៅប្រកួតប្រជែងជាមួយផលិតផលនាំចូល

សង្គម​ និង​សេដ្ឋកិច្ច

ដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ ទើបរដ្ឋមន្ត្រីក្រសូងកសិកម្មបានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ«ត្រីខកំប៉ុង អន្ទង់ខកំប៉ុង»នេះឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទោះបីជាការផលិតនាពេលបច្ចុប្បន្នសម្រាប់តែផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសឹក និងមិនទាន់មានលក់នៅលើទីផ្សារក៏ដោយ តែផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍ត្រឹមត្រូវតាមស្តង់ដារួចរាល់ហើយ។

លោកបន្តថា នេះគឺជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្ម ដែលធ្វើឱ្យយើងកំពុងខិតទៅជិតការផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលនាពេលអនាគតយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា អន្ទង់ខកំប៉ុង ត្រីរៀលខ្មែរ ខកំប៉ុង បានចេញជារូបរាងក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានស្រាវជ្រាវ និងផលិតដោយ នាយកដ្ឋានកសិឧស្សាហកម្ម។ ចំណែក អន្ទង់ខកំប៉ុង ផលិតដោយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល៕